រដ្ឋមន្រ្តីក្រសួងថាមពលសហរដ្ឋអាមេរិកលោក Chris Wright និយាយថា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម នឹងបង្កើនការផលិតប្រេង បើសិនជាវិបត្តិអ៊ីរ៉ង់ត្រូវបានដោះស្រាយ ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Three Seas នៅប្រទេសក្រូអាត លោក Wright និយាយថា ប្រទេសទាំង ២ នឹងជំរុញការផលិតឲ្យបានឆាប់ ស្របពេលដែលប្រេងចាប់ផ្តើមហូរដោយគ្មានឧបសគ្គតាមច្រកសមុទ្រ Hormuz ។
លោកថា លោកគិតថា នៅពេលបញ្ចប់សង្រ្គាមមួយនេះ លំហូរប្រេងនឹងចាប់ផ្តើមហូរដោយគ្មានឧបសគ្គជាថ្មីម្តងទៀត លោកគិតថា អ្នកនឹងឃើញ អារ៉ាប់រួម ប៉ុន្តែអារ៉ាប៊ីសាអ៊ូឌីតផងដែរ មានសមត្ថភាពផលិតប្រេង សមត្ថភាពផលិតថាមពលច្រើនតាមដែលពួកគេអាចធ្វើបាន ។
លោក Wright និយាយទៀតថា ច្បាស់ណាស់ថា អារ៉ាប៊ីសាអ៊ូឌីត នឹងផលិតប្រេងឲ្យបានច្រើន ដូចគ្នានឹងអារ៉ាប់រួមផងដែរ ប្រទេសទាំង ២នេះ មានសមត្ថភាពផលិតប្រេងបានច្រើនបំផុតនៅលើពិភពលោក ។
សូមបញ្ជាក់ថា តម្លៃថាមពលបានហក់ឡើងខ្ពស់កប់ពពក ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ៕