កណ្តុរ និងប៉ារ៉ាស៊ីត កំពុងរាតត្បាតនៅទូទាំងជំរំសំពត់តង់តំបន់ហ្កាហ្សា សម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួន ខាំម្រាមដៃម្រាមជើងរបស់ក្មេងៗ ពេលដែលពួកគេដេក កកេរទ្រព្យសម្បត្តិមានតម្លៃសេសសល់ចុងក្រោយរបស់ពួកគេ និងធ្វើឲ្យរីករាលដាលឆ្លងជំងឺ ។
ការរាតត្បាតរបស់សត្វកណ្តុរនេះ បានកើតមាន ពេលដែលភាគច្រើននៃជនប៉ាឡេស្ទីនជាង ២លាននាក់ជម្លៀសខ្លួននៅក្នុងតំបន់ហ្កាហ្សា បច្ចុប្បន្នរស់នៅក្នុងផ្ទះរងការទម្លាក់គ្រាប់បែក និងក្នុងសំពត់តង់បណ្តោះអាសន្ននៅលើដីកណ្តាលវាល ឬនៅលើគំនរបាក់បែកអគារបំផ្លិចបំផ្លាញ ។
នៅរយៈពេលប៉ុន្មានថ្ងៃមុនថ្ងៃអាពាហ៍ពិពាហ៍ ក្មេងស្រី Amani Abu Selmi ដែលជម្លៀសខ្លួនជាមួយគ្រួសាររបស់នាងនៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា រកឃើញថាសត្វកណ្តុរ បានកកេរសម្លៀកបំពាក់ និងកាបូបអាពាហ៍ពិពាហ៍របស់នាង នៅក្នុងសំពត់តង់ ជាទីដែលពួកគេជ្រកកោន ។
ក្មេងស្រី Abu Selmi អាយុ ២០ឆ្នាំ និយាយថា សុភមង្គលទាំងអស់របស់នាង បានរលាយសាបសូន្យអស់ វាធ្វើឲ្យនាងខកចិត្តជាខ្លាំង សម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់នាង ត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ ។
លោក Asaad Sadiq គឺជាប្រធានផ្នែកជំងឺសើស្បែកនៅមន្ទីរពេទ្យ Nasser និយាយថា មាននូវករណីកើតឡើងវិញជំងឺសើស្បែក ដោយសារតែកណ្តុរខាំមនុស្ស ។
លោកថា មាននូវកង្វះខាតធ្ងន់ធ្ងរការព្យាបាលជំងឺសើស្បែកនៅតំបន់ហ្កាហ្សាស្រ្ទីប ។ ពួកយើងគ្មានលទ្ធភាពព្យាបាលជំងឺបែបហ្នឹងនោះទេ ។
ដោយឡែកលោក Mohamed Abu Selmia គឺជាប្រធានមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា និយាយថា លោករំពឹងថា បញ្ហានឹងកាន់តែធ្ងន់ធ្ងរជាងនេះ ពេលដែលរដូវក្តៅខិតជិតមកដល់ ហើយនិងស្របពេលដែលអ៊ីស្រាអែលហាមប្រាមសម្ភារៈគ្រប់គ្រងសត្វល្អិត ដូចជាថ្នាំបំពុលសត្វកណ្តុរ ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានហាមឃាត់ការនាំចូលទំនិញដែលពួកគេនិយាយថា អាចប្រើប្រាស់បាន ២យ៉ាង ទាំងការប្រើប្រាស់សម្រាប់យោធា និងការប្រើប្រាស់សម្រាប់ជនស៊ីវិល ៕