អមដោយការភ័យខ្លាច ការខឹងសម្បាជាមួយរដ្ឋាភិបាល និងចម្ងល់ ដែលថា តើពួកគេត្រូវការចាកចេញពីប្រទេសដែរ ឬយ៉ាងណានោះ ជនជាតិជ្វីហ្វអង់គ្លេស នៅក្នុងតំបន់ជាយក្រុង Golders Green ភាគខាងជើងនៃទីក្រុងឡុងដ្រ៍ កំពុងមានអារម្មណ៍តក់ស្លុត ពោលគឺមួយថ្ងៃបន្ទាប់ពីអ្នកវាយប្រហារម្នាក់ បានចាក់បុរស ២នាក់ នៅតាមដងផ្លូវ។
សមាជិកនៃសហគមន៍ជ្វីហ្វ បាននិយាយថា ពួកគេកំពុងរំពឹងថា នាយករដ្ឋមន្ត្រី លោក Keir Starmer នឹងបង្ហាញថា រូបលោកអាចដោះស្រាយមូលហេតុចម្បងនៃការវាយប្រហារ ប្រឆាំងនឹងក្រុមជនជាតិជ្វីហ្វ ដែលមានភាពកាន់តែញឹកញាប់ និងធានាសុវត្ថិភាពឲ្យពួកគេ។
លោក Shilome Rand ដែលជាបុរសម្នាក់ក្នុងចំណោមបុរសត្រូវបានចាក់កាលពីថ្ងៃពុធ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ITV News ថា៖ «ប្រជាជនពិតជាមានក្ដីបារម្ភណាស់ ប្រជាជនមានការភ័យខ្លាច ប្រជាជនមានអារម្មណ៍មិនស្រួលឡើយ ពេលដើរតាមផ្លូវ ហើយជាក់ស្តែងប្រជាជនកំពុងស្តីបន្ទោសរដ្ឋាភិបាល ដែលមិនធ្វើអ្វីទាំងអស់ ចំពោះអ្វីដែលកំពុងកើតឡើង»។
ជនរងគ្រោះទាំង២ ស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ ហេតុការណ៍ចាក់នឹងកាំបិត កាលពីថ្ងៃពុធ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរ និងហិង្សាបំផុត នៅក្នុងការវាយប្រហារថ្មីៗជាច្រើន ដែលផ្តោតលើជនជាតិជ្វីហ្វ នៅទីក្រុងឡុងដ្រ៍ ហើយកើតឡើងមិនដល់ ១ឆ្នាំផង បន្ទាប់ពីមានការវាយប្រហារដ៏សាហាវ នៅវិហារជ្វីហ្វមួយ ក្នុងទីក្រុង Manchester។
លោក Starmer ដែលភរិយារបស់លោក គឺជាជនជាតិជ្វីហ្វ បានសន្យាផ្តល់មូលនិធិបន្ថែមទៀត សម្រាប់អង្គការនគរបាលសហគមន៍ រួមទាំងអ្នកដែលបានជួយបញ្ឈប់ជនដៃដល់ កាលពីថ្ងៃពុធ និងបានសន្យាបង្កើតច្បាប់ ដើម្បីទប់ស្កាត់ «តួអង្គរដ្ឋអរិភាព» ដែលរៀបចំក្រុមតំណាងឲ្យធ្វើការវាយប្រហារ៕