កោះកុង៖ ពលករខ្មែរដែលបម្រើការងារនៅប្រទេសថៃ កំពុងសម្រុកនាំគ្នាឆ្លងដែនចូលមកប្រទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលឈានមកដល់នាពេលខាងមុខ។
មន្រ្តីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងនៅនាទីថ្ងៃទី១០ ខែមេសានេះថា លំហូពលករខ្មែរឆ្លងដែនមកតាមច្រកទ្វារព្រំដែនចាំយាម ខេត្តកោះកុង ផ្តើមតាំងពីដើមខែមេសា ឆ្នាំ២០២២មកម្ល៉េះ។ ដោយទទួលពលករខ្មែរមិនទៀងទាត់ ពោលក្នុង១ថ្ងៃបើច្រើន ២០ទៅ៣០នាក់ប៉ុណ្ណោះ។
មន្រ្តីនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បន្ថែមថា ភាគច្រើនពលករខ្មែរដែលឆ្លងដែនមក ពួកគេធ្វើការនៅខេត្តត្រាត។ គោលបំណងឆ្លងដែនមកតាមច្រកទ្វារព្រំដែនចាំយាមរបស់ក្រុមពលករ ដើម្បីចូលអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ហើយពលករខ្លះមានស្រុកកំណើត នៅខេត្តកំពត ព្រៃវៃង តាកែវ កែប និងខេត្តស្វាយរៀង។
ចំណែកនគរបាលអន្តោប្រវេសន៍ និងមន្រ្តីសុខាភិបាលផ្នែកចត្តាឡីស័ក លើកឡើងថា មុននឹងអនុញ្ញាតឱ្យពលករខ្មែរយើងបន្តដំណើរទៅស្រុកកំណើត គឺតម្រូវឱ្យវាស់កម្តៅ ពិនិត្យកាតចាក់វ៉ាក់សាំង ឯកសារពាក់ព័ន្ធផ្សេងទៀត។ ករណីពលករខ្មែរណាពុំមានកាតចាក់វ៉ាក់សាំងនឹងបញ្ជូនទៅមណ្ឌលចត្តាឡីស័កខេត្តអនុវត្តវិធានការសុខាភិបាលរយៈពេល១៤ថ្ងៃ៕
អត្ថបទ៖ ឈឹម មករា





