សហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការដាក់ពង្រាយកងទ័ពអាមេរិក នៅអឺរ៉ុប គឺស្ថិតនៅក្នុងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានគំរាមកាត់បន្ថយចំនួនកងកម្លាំង នៅក្នុងប្រទេសអាល្លឺម៉ង់។
អ្នកនាំពាក្យ EU លោកស្រី Anitta Hipper បាននិយាយថា សហរដ្ឋអាមេរិក គឺជា «ដៃគូដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកដល់សន្តិសុខ និងការពារជាតិរបស់តំបន់អឺរ៉ុប»។ លោកស្រីបានបន្ថែមថា «ការដាក់ពង្រាយកងទ័ពអាមេរិក នៅអឺរ៉ុប ក៏ស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិកផងដែរ ពោលគឺដើម្បីគាំទ្រតួនាទីសកលរបស់ខ្លួន»។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយការដាក់ពង្រាយកងទ័ពរបស់ខ្លួន បន្ទាប់ពីមានជម្លោះជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់។
ការប៉ះទង្គិចនេះ គឺជាជម្លោះចុងក្រោយបំផុត ដែលធ្វើឲ្យលោក Trump កាន់តែខឹងសម្បា ចំពោះសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងអង្គការណាតូ (NATO) ដោយមេដឹកនាំសហរដ្ឋអាមេរិក បានរិះគន់រួចហើយ ចំពោះការឆ្លើយតបរបស់ពួកគេ ទៅនឹងការវាយប្រហាររបស់លោក លើអ៊ីរ៉ង់។
នៅចំពោះមុខក្ដីបារម្ភ អំពីការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះអង្គការណាតូ និងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន អឺរ៉ុបបានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន៕