ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សហភាពមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរបស់ប្រទេសនេះ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi )ដែលត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះវិញ។
ម្ចាស់ពានរង្វាន់ណូបែលវ័យ ៨០ ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួន ប្រហែលជានៅក្នុងពន្ធនាគារយោធាមួយនៅក្នុងរដ្ឋធានី ណៃពិដោ (Nay Pyi Taw ) ចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១។

សេចក្តីថ្លែងការណ៍មួយរបស់មេដឹកនាំយោធា លោក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារ បាននិយាយថា លោកបានផ្លាស់ប្តូរទោសដែលនៅសល់របស់លោកស្រី ដើម្បីអនុវត្តនៅក្នុងលំនៅឋានដែលបានកំណត់។
លោកស្រី អ៊ុងសាន ស៊ូជី បានឡើងកាន់អំណាចនៅឆ្នាំ ២០១៥ បន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ានៅពេលនោះបានដាក់ចេញកំណែទម្រង់ប្រជាធិបតេយ្យ។ មុននោះ លោកស្រីបានចំណាយពេលរាប់ទសវត្សរ៍ក្រោមការគ្រប់គ្រងដោយយោធាក្នុងនាមជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយកន្លងមក ធ្លាប់ត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាង ១៥ ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយរូបភាពលោកស្រីអង្គុយជាមួយបុគ្គលិកស្លៀកពាក់ឯកសណ្ឋានពីរនាក់។កូនប្រុសរបស់លោកស្រី គឺ លោក គីម អារីស (Kim Aris) បាននិយាយថា រូបលោកមានការសង្ស័យចំពោះការប្រកាសនេះ ហើយថាលោកពុំមានភស្តុតាងបង្ហាញថាលោកស្រីនៅមានជីវិតទេ។ លោកបាននិយាយថា រូបភាពនេះគឺគ្មានន័យ ដោយសាររូបថតនេះត្រូវបានថតនៅឆ្នាំ ២០២២។
លោកបានប្រាប់ទូរទស្សន៍ BBC ថា រូបលោកសង្ឃឹមថានេះជាការពិត។ លោកនៅតែមិនទាន់មើលឃើញភស្តុតាងពិតប្រាកដណាមួយដើម្បីបង្ហាញថាម្ដាយរបស់លោកត្រូវបានផ្លាស់ប្តូរទីតាំងឃុំខ្លួននោះទេ៕
