
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នាដំណើរបេសកកម្មការងារ នៅក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី នៃកាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀបធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួនប្រគេនដល់ វត្តសែនមនោរម្យ និងពុទ្ធមណ្ឌលគិរី ដែលស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃគង់ក្នុងវត្តទាំង២ខាងលើ។
បន្ទាប់ពីបានបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន មាតាបិតា និងញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោករួចមក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គរួមនឹងគណៈកម្មការអាចារ្យវត្ត ក៏បានជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់ ថ្នាក់ដឹកនាំ នៃកាកបាទក្រហមកម្ពុជាទាំងអស់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តជួយឧបត្ថម្ភទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំ និងរីកចម្រើន ព្រមទាំងដើម្បីបន្តជួយប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិជាមួយសម្តេចតេជោ ហ៊ុន សែន ឲ្យកាន់តែរីកចម្រើនថែមទៀតក្រោមម្លប់នៃសន្តិភាព។
សូមបញ្ជាក់ថា ទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជាប្រគេនវត្តនីមួយៗរួមមាន ៖ អង្ករ១០០គីឡូក្រាម, មី១កេស, ត្រីខ១កេស ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស និងបច្ច័យចំនួន ២.០០០.០០០រៀល (ពីរលានរៀល)។ ប្រគេនព្រះចៅអធិការវត្ត២អង្គ មួយអង្គៗបច្ច័យ ១០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃ ៦អង្គ នៅតាមវត្តនីមួយៗក្នុងមួយអង្គៗ បច្ច័យ ៥ម៉ឺនរៀលផងដែរ៕






