រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ៣០ មេសា សប្ដាហ៍នេះ បានជំរុញឱ្យសហរដ្ឋអាមេរិករក្សាស្ថិរភាពរវាងមហាអំណាចទាំងពីរ និងបានព្រមានថាកោះតៃវ៉ាន់ បានបង្កហានិភ័យធំបំផុត ប៉ុន្មានសប្តាហ៍មុនពេលប្រធានាធិបតីអាមេរិក Donald Trump គ្រោងទៅបំពេញទស្សនកិច្ចទីក្រុងប៉េកាំង។

ក្រសួងការបរទេសចិនបាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនគួរតែការពារស្ថិរភាពដែលរកបានដោយលំបាក នៅក្នុងទំនាក់ទំនងចិន-អាមេរិក។
កិច្ចពិភាក្សានោះក៏បានជជែកគ្នាពីបញ្ហានៅមជ្ឈិមបូព៌ាផងដែរ ជាទីដែលចិនជាដៃគូសំខាន់របស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែបានរក្សាគម្លាតរបស់ខ្លួនច្រើន បន្ទាប់ពីលោក Trump បានរួមដៃជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ដែលបណ្តាលឱ្យតម្លៃប្រេងសកលកើនឡើងយ៉ាងខ្លាំង។
មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបានបញ្ជាក់ពីជំនួបតាមទូរស័ព្ទនេះ ហើយបាននិយាយថា ខ្លួនកំពុងរៀបចំដំណើរទស្សនកិច្ចរបស់លោក Trump ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
លោក Trump គ្រោងបំពេញទស្សនកិច្ចប្រទេសចិននៅថ្ងៃទី ១៤ដល់១៥ ខែឧសភាខាងមុខ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មហាសេដ្ឋីមកពីគណបក្សសាធារណរដ្ឋរូបនេះ ទៅកាន់ប្រទេសមហាអំណាចគូប្រជែងរបស់ខ្លួន ចាប់តាំងពីលោកបានវិលត្រឡប់ទៅគ្រប់គ្រងសេតវិមានវិញកាលពីខែមករា ឆ្នាំ ២០២៥។
ក្នុងអំឡុងឆ្នាំដំបូងដែលលោក Trump វិលត្រឡប់ទៅកាន់តំណែងវិញ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានប៉ះទង្គិចគ្នាលើពាណិជ្ជកម្ម និងពន្ធរហូតដល់មានកិច្ចព្រមព្រៀងផ្អាកការដំឡើងពន្ធដាក់គ្នាត្រូវបានប្រកាសកាលពីក្នុងខែតុលាឆ្នាំមុន នៅពេលលោក Trump និងលោក Xi បានជួបគ្នានៅកូរ៉េខាងត្បូង៕


