យោងតាមសមាគមរថយន្តសហរដ្ឋអាមេរិក (AAA) បានឲ្យដឹងថា តម្លៃជាមធ្យមនៃប្រេងសាំងមួយហ្គាឡុង (៣,៨ លីត្រ) នៅសហរដ្ឋអាមេរិកបានឡើងដល់ ៤,៣០ ដុល្លារ ដែលកើនឡើងពីតិចជាង ៣ ដុល្លារមុនពេលការចាប់ផ្តើមសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។

តម្លៃកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទទូចថា ពេលវេលាគឺនៅខាងលោកក្នុងការប្រឈមមុខដាក់គ្នាជាមួយ្រទេសអ៊ីរ៉ង់ ទោះបីជាលោកបដិសេធសំណើរបស់ទីក្រុងតេអេរ៉ង់អំពីកិច្ចព្រមព្រៀងបឋមដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ។

យោងតាមសមាគមរថយន្តសហរដ្ឋអាមេរិក (AAA) បានឲ្យដឹងថា តម្លៃឧស្ម័ន ឬប្រេងសាំង បានកើនឡើង២៧សេនក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ក្នុងពេលមានភាពជាប់គាំងកាន់តែជ្រៅឡើង ដោយអ៊ីរ៉ង់ បិទច្រកសមុទ្រ ហើយសហរដ្ឋអាមេរិកបានដាក់ការហ៊ុមព័ទ្ធដោយកងទ័ពជើងទឹកនៅកំពង់ផែអ៊ីរ៉ង់។
សមាគម បាននិយាយនៅក្នុងរបាយការណ៍ខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ថា «តម្លៃជាមធ្យមនៅក្នុងប្រទេសគឺខ្ពស់ជាង១,១២ដុល្លារកាលពីឆ្នាំមុន ខណៈតម្លៃប្រេងកើនឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលដោយគ្មានសញ្ញាបង្ហាញថា នៅពេលណាដែលច្រកសមុទ្រ Hormuz នឹងបើកឡើងវិញ»។
តម្លៃឧស្ម័នគឺខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២២។ រដ្ឋកាលីហ្វ័រនីញ៉ា ដែលមានប្រជាជនជិត ៤០លាននាក់រស់នៅ បានមើលឃើញថា តម្លៃប្រេងសាំងបានកើនឡើងដល់ជាង៦ដុល្លារក្នុងមួយហ្គាឡុងកាលពីថ្ងៃព្រហស្បតិ៍។