សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្ដេចបានណែនាំដល់ ក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ, និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ មិនមែនបង្កើតច្បាប់ថ្មីទេ ដើម្បីបញ្ជូនក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទៅបម្រើការងារនៅតាមសមរភូមិមុខ ដើម្បីជួយការងារនៅតំបន់ព្រំដែន ដូចជាការចាក់លេណដ្ឋាន ឬការងារសំណង់ផ្សេងៗ មិនមែនទៅធ្វើជាកងទ័ព ឬកាន់កាំភ្លើងនោះទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ នៅកោះពេជ្រ សម្តេចបានណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើងនេះ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពការងារមួយចំនួននៅសមរភូមិជួរមុខ ដូចជាការងារធ្វើសំណង់ ធ្វើលេណដ្ឋាន ឬធ្វើផ្លូវជាដើម។
សម្ដេចបន្តថា ប៉ុន្ដែក្រោយប្រសាសន៍របស់សម្ដេច មានអ្នកវិភាគនៅក្រៅស្រុកមួយចំនួនបានចេញមកបកស្រាយទាំងមិនយល់ ខុសពីការពិត នាំឱ្យមានការភ័ន្តច្រឡំទើបចាំបាច់បញ្ជាក់ឡើងវិញនៅថ្ងៃនេះ ដើម្បីឱ្យពួកគេឈប់យល់ខុសតទៅទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទី៧ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបង្ក្រាបក្រុមក្មេងទំនើងឱ្យអស់ មិនត្រូវទុកឱ្យពួកគេធ្វើសកម្មភាពបង្កអសន្ដិសុខក្នុងសង្គមជាតិនោះទេ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ក្មេងទំនើងទាំងនោះមានសេរីភាព តែបែរជាដើរកាប់ចាក់គ្នាបំផ្លាញសណ្តាប់ធ្នាប់សង្គម ខណៈអ្នកការពារជាតិនៅជួរមុខជួបការលំបាក។ ដូច្នេះសម្ដេចឱ្យសិក្សាផ្លូវច្បាប់ដើម្បីចាត់វិធានការបញ្ចូនក្រុមក្មេងទំនើងទៅសមរភូមិមុខ គឺដើម្បីកែប្រែឥរិយាបថពួកគេឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ៕










