ក្រុមមន្ត្រីមូលដ្ឋាន បាននិយាយនៅព្រឹកថ្ងៃសុក្រ ១ ឧសភានេះថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនជាថ្មីលើកំពង់ផែ Tuapse សមុទ្រខ្មៅរបស់រុស្ស៊ី ដែលជាលើកទីបួនចាប់តាំងពីសប្តាហ៍មុន បានបង្កឱ្យមានអគ្គិភ័យនៅកំពង់ផែសមុទ្រ ប៉ុន្តែពុំបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

ទីក្រុង Tuapse បានរងការវាយប្រហារម្តងហើយម្តងទៀត ជាពិសេសកំពង់ផែប្រេងរបស់កំពង់ផែសមុទ្រខ្មៅ។ការវាយប្រហារទាំងនេះបានរំខានដល់ជីវិតប្រចាំថ្ងៃ ដោយក្រុមអាជ្ញាធរបានប្រាប់ប្រជាជនកុំឱ្យទទួលទានទឹក និងបិទសាលារៀន។

ទីស្នាក់ការកណ្តាលទូទៅនៅក្នុងតំបន់ Krasnodar បាននិយាយនៅលើ Telegram ថា នៅក្នុងទីក្រុង Tuapse ដោយសារការវាយប្រហារពីយានដ្រូនដោយរបបក្រុងគីវ អគ្គិភ័យបានឆាបឆេះឡើងនៅលើទឹកដីនៃកំពង់ផែសមុទ្រនេះ។

របាយការណ៍នេះបាននិយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងធ្វើការនៅទីតាំងនោះ ដោយមានអ្នកពន្លត់អគ្គិភ័យចំនួន១២៨ នាក់ និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤១ គ្រឿងត្រូវបានបញ្ជូនទៅពន្លត់អគ្គិភ័យ។
តំបន់នេះត្រូវបានប្រកាសស្ថានភាពគ្រាអាសន្នចាប់តាំងពីថ្ងៃអង្គារសប្ដាហ៍នេះ នៅពេលការវាយប្រហារមួយបានបង្កឱ្យមានអគ្គិភ័យដ៏ធំនៅរោងចក្រចម្រាញ់ប្រេង ដោយកាត់ផ្តាច់ផលិតកម្ម និងហៀរប្រេងចូលក្នុងសមុទ្រ។
យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនក៏បានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងតំបន់ Orenburg ភាគខាងត្បូងនៃប្រទេសរុស្ស៊ីផងដែរ។ ការវាយប្រហារទាំងពីរនេះបានកើតឡើងនៅចម្ងាយប្រហែល១.៥០០គីឡូម៉ែត្រពីអ៊ុយក្រែន ជាការវាយប្រហារជ្រៅចូលក្នុងដីរុស្ស៊ីដោយអាវុធផលិតក្នុងប្រទេសរបស់អ៊ុយក្រែន៕