កីឡាករជើងចាស់អង់គ្លេស Ashley Young បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយក្នុងវ័យ ៤០ ឆ្នាំ។
Young បានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយ Watford មុននឹងបន្តផ្លាស់ទៅក្លិបធំៗដូចជា Aston Villa, Manchester United, Inter Milan និង Everton។
Young បានបញ្ចប់អាជីពនៅក្លិប Ipswich Town បន្ទាប់ពីចូលរួមជាមួយក្លិបនេះក្នុងកិច្ចសន្យារយៈពេល ១ ឆ្នាំ កាលពីខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីចាកចេញពី Everton។
ក្នុងកម្រិតជម្រើសជាតិ Young បានបង្ហាញខ្លួនលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០០៧ និងបង្ហាញខ្លួនសរុបបានលេង ៣៩ ប្រកួតរកបាន ៧ គ្រាប់។
សម្រាប់រដូវកាលចុងក្រោយជាមួយ Ipswich Town កីឡាករវ័យ ៤០ ឆ្នាំរូបនេះមានបញ្ហារបួស និងបានចូលលេងត្រឹមតែ ១៣ ប្រកួត ក្នុងនោះដែរមាន ១០ ប្រកួតជាកីឡាករបម្រុង។
បច្ចុប្បន្ន Ipswich កំពុងត្រៀមប្រកួតចុងក្រោយនៃរដូវកាល Championship ទល់នឹង Queens Park Rangers ខណៈពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី២ ដែលអាចឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ។ ពួកគេនាំមុខក្រុមលេខ៣ Millwall ១ ពិន្ទុ និងលេខ៤ Middlesbrough ២ ពិន្ទុ។
ក្នុងអាជីពរបស់ខ្លួន Ashley Young បានឈ្នះពានរង្វាន់ជាច្រើន រួមមាន Premier League, Europa League, FA Cup និង League Cup ជាមួយ Manchester United និងពាន Serie A ជាមួយ Inter Milan៕ អត្ថបទ៖នាង សុភាវុធ




