LIV Golf កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់យ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានថា អារ៉ាប៊ីសាអូឌីត នឹងបញ្ចប់ការគាំទ្រថវិកាច្រើនពាន់លានដុល្លាររបស់ខ្លួននៅចុងបញ្ចប់រដូវកាលនេះ។
នៅថ្ងៃព្រហស្បតិ៍ LIV Golf បានប្រកាសពី “ការវិវត្តយុទ្ធសាស្ត្រថ្មី” ដោយបង្កើតក្រុមប្រឹក្សាភិបាលឯករាជ្យថ្មីមួយ ដែលដឹកនាំដោយ Gene Davis និង Jon Zinman។ អង្គភាពនេះត្រូវបានគេរំពឹងថា នឹងជួយដឹកនាំទស្សនវិស័យថ្មី និងស្វែងរកអ្នកវិនិយោគហិរញ្ញវត្ថុជំនួស។
ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានរបាយការណ៍ថា មូលនិធិសាធារណៈវិនិយោគ (PIF) របស់អារ៉ាប៊ីសាអូឌីត អាចប្រកាសថា ប្រធាន Yasir Al-Rumayyan នឹងលាលែងពីតំណែងពីក្រុមប្រឹក្សាភិបាល LIV Golf។ Al-Rumayyan គឺជាសហស្ថាបនិក LIV Golf ក្នុងឆ្នាំ ២០២១ និងជាអ្នកដឹកនាំសំខាន់បំផុត។
បន្ថែមពីនេះ LIV Golf ក៏បានពន្យារពេលការប្រកួតដែលគ្រោងធ្វើនៅ New Orleans ក្នុងខែមិថុនា ដែលមានន័យថា ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី ៦ ខែសីហា LIV នឹងមិនមានការប្រកួតណាមួយនៅសហរដ្ឋអាមេរិកឡើយ រហូតដល់ព្រឹត្តិការណ៍នៅ Trump Bedminster នៅរដ្ឋ New Jersey។
ទោះជាយ៉ាងណា LIV Golf នៅតែបន្តការប្រកួតអន្តរជាតិនៅកូរ៉េខាងត្បូង អេស្ប៉ាញ និងចក្រភពអង់គ្លេស ក្នុងអំឡុងពេលនោះ៕ អត្ថបទ៖នាង សុភាវុធ

