រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងប្រធានសភាលីបង់ លោក Nabih Berri បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាព «ឈ្លានពាន» របស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តចុងក្រោយបំផុត នៅក្នុងប្រទេសលីបង់ និងតំបន់អាស៊ីខាងលិច ការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងបញ្ហាផ្សេងទៀតដែលជាកង្វល់រួម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍។

លោក Araghchi និងលោក Berri បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបញ្ចប់សកម្មភាព «ដ៏ឃោរឃៅ» របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួស បំផ្លាញតំបន់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសលីបង់ និងបានធ្វើឲ្យប្រជាជនលីបង់ជាច្រើននាក់ផ្លាស់ទីលំនៅ។
ពួកគេបានយល់ព្រមបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលទ្វេភាគី។
លោក Araghchi បាននិយាយថា ការបញ្ឈប់ «ឈ្លានពាន» របស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់នឹងយកចិត្តទុកដាក់ចំពោះបញ្ហានេះ នៅក្នុងដំណើរការការទូតណាមួយ នាពេលអនាគត៕