ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យមានកិច្ចប្រជុំរវាងមេដឹកនាំលីបង់ និងអ៊ីស្រាអែល ខណៈដែលក្រសួងសុខាភិបាលបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ ទោះបីជាមានបទឈប់បាញ់កំពុងបន្តក៏ដោយ។
តំណាងអ៊ីស្រាអែល និងលីបង់ក្នុងខែនេះ បានជួបប្រជុំគ្នាពីរដង នៅទីក្រុងវ៉ាស៊ីនតោន ដែលជាកិច្ចប្រជុំលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានទាញប្រទេស លីបង់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅថ្ងៃទី ០២ ខែមីនា ដោយបង្កឲ្យមានការវាយប្រហារយ៉ាងខ្លាំងក្លានិងប្រតិបត្តិការដោយកងទ័ពជើងគោករបស់អ៊ីស្រាអែល។

បន្ទាប់ពីការចរចាលើកដំបូង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់ រយៈពេល ១០ថ្ងៃ នៅក្នុងប្រទេសលីបង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែមេសា និងការបន្តរយៈពេលបីសប្តាហ៍ បន្ទាប់ពីជំនួបជុំទី ២។
លោក ត្រាំ បាននិយាយថា លោកសង្ឃឹមថា នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីលីបង់លោក Joseph Aoun និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ «ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ» ខណៈដែលប្រទេសទាំងពីរ កំពុងរៀបចំសម្រាប់ការចរចាដោយផ្ទាល់៕
