ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា ការបិទច្រកសមុទ្រ Hormuz កំពុងផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មជាមួយនឹងចរាចរណ៍តាមនាវាដឹកទូរទំនិញ ដែលពេលនេះកំពុងប្រើប្រាស់តាមផ្លូវគោកវិញដើម្បីបានទៅដល់គោលដៅ។
យោងតាមប្រភពភស្តុភារនិងផ្លូវសមុទ្របានឲ្យដឹងថា ការបិទច្រកសមុទ្រនេះបានជំរុញឱ្យម្ចាស់នាវាស្វែងរកច្រករបៀងផ្លូវគោកជំនួសវិញដើម្បីដឹកជញ្ជូនស្បៀងអាហារ និងទំនិញផលិតរួចតាមរថយន្តដឹកទំនិញ ខណៈវាលែងអាចទៅដល់បណ្តាប្រទេសនៅឈូងសមុទ្រតាមផ្លូវសមុទ្របានទៀតហើយ។
យោងតាមសារព័ត៌មាន AFP បានឲ្យដឹងថា កំពង់ផែ Jeddah របស់អារ៉ាប៊ីសាអ៊ូឌីតនៅលើសមុទ្រក្រហមកំពុងក្លាយជា «មជ្ឈមណ្ឌល» ក្នុងតំបន់ថ្មីមួយ ជាកន្លែងដែលនាវាមកពីក្រុមហ៊ុនយក្សតាមសមុទ្រ មានក្រុមហ៊ុន MSC, CMA CGM, Maersk និង Cosco ទៅដល់តាមរយៈព្រែកជីកស៊ុយអេ។
ក្រោយមកទំនិញត្រូវបានបញ្ចេញតាមរថយន្តដឹកទំនិញតាមផ្លូវហាយវ៉េដើម្បីដឹកជញ្ជូនទៅកាន់ទីតាំងនានាដូចជាអារ៉ាប់រួម ប្រទេសបារ៉ែន និងប្រទេសគូវ៉េត ដែលមិនត្រូវបានបម្រើដោយផ្លូវសមុទ្ររយៈពេលពីរខែកន្លងទៅនេះ។
ម្ចាស់នាវាបាននិយាយថា ពួកគេក៏នឹងប្រើប្រាស់កំពង់ផែចំនួនបីនៅខាងក្រៅច្រកសមុទ្រ Hormuz ផងដែរ មានកំពង់ផែ Sohar របស់ប្រទេសអូម៉ង់ និងកំពង់ផែ Khor Fakkan និង Fujairah របស់ប្រទេសអារ៉ាប់រួម។ កំពង់ផែ Aqaba ក្នុងប្រទេសហ្ស៊កដានី បម្រើជាមូលដ្ឋានសម្រាប់បញ្ជូនទំនិញទៅកាន់ទីក្រុងបាកដាដ និងទីក្រុង Basra ក្នុងប្រទេសអ៊ីរ៉ាក់ ខណៈច្រករបៀងនៅប្រទេសទួរគី ក៏កំពុងអនុញ្ញាតឱ្យទំនិញចូលទៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ផងដែរ។

