ឯកអគ្គរដ្ឋទូតក្រុងគីវប្រចាំប្រទេសជប៉ុន បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ជប៉ុន បើកផ្លូវសម្រាប់ការចរចាដែលថ្ងៃណាមួយអាចនាំឲ្យទីក្រុងតូក្យូផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Yurii Lutovinov បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅស្ថានទូតអ៊ុយក្រែនថា៖«ការបន្ធូរបន្ថយច្បាប់នេះអនុញ្ញាតឲ្យយើងនិយាយគ្នាបាន»។ «តាមទ្រឹស្តី នេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខ»។

ការសម្រេចរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi កាលពីសប្តាហ៍មុន ដើម្បីបន្ធូរបន្ថយច្បាប់នាំចេញ ដែលជាការផ្លាស់ប្តូរចុងក្រោយរបស់ជប៉ុនចេញពីជំហរសន្តិភាពនិយមក្រោយសង្គ្រាមយ៉ាងតឹងរ៉ឹង បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ ខណៈដែលជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ធ្វើឲ្យ ផលិតកម្មអាវុធរបស់លោកខាងលិចមានភាពតឹងតែង។
ខណៈពេលដែលការកែប្រែច្បាប់នេះ រក្សាការគ្រប់គ្រងលើការនាំចេញអាវុធទៅកាន់តំបន់ជម្លោះ វាអនុញ្ញាតឲ្យមានករណីលើកលែងដែលបម្រើផលប្រយោជន៍សន្តិសុខរបស់ទីក្រុងតូក្យូ ជាការសម្រេចមួយដែលទីក្រុងគីវសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍៕
