របាយការណ៍របស់សារព័ត៌មានរ៉យទ័របង្ហាញថា រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងសំខាន់ដល់ប្រទេសស៊ីរី ទោះបីជារដ្ឋាភិបាលថ្មីមានទំនាក់ទំនងជាមួយលោកខាងលិច និងការមិនទុកចិត្តយ៉ាងទូលំទូលាយចំពោះទីក្រុងមូស្គូលើការគាំទ្រផ្នែកយោធារបស់ខ្លួនដល់អតីតមេដឹកនាំលោក បាសា អាល់អាសាដ ដែលត្រូវបានគេផ្តួលរលំ។
ដោយផ្អែកលើការគណនារបស់រ៉យទ័រអំពីការប្រកាសជាផ្លូវការ និងទិន្នន័យតាមដាននាវារបស់ក្រុមហ៊ុន LSEG, MarineTraffic និង Shipnext របាយការណ៍នេះ បានរកឃើញថា ការដឹកជញ្ជូនប្រេងពីរុស្ស៊ី បានកើនឡើង ៧៥ ភាគរយ គឺប្រហែល ៦០.000 បារ៉ែល ក្នុងមួយថ្ងៃ នៅឆ្នាំនេះ
បរិមាណទាំងនេះតំណាងឲ្យចំណែកតូចមួយនៃការនាំចេញប្រេងសកលប្រចាំថ្ងៃរបស់រុស្ស៊ី។
ប៉ុន្តែសម្រាប់ស៊ីរី ជាកន្លែងដែលផលិតកម្មក្នុងស្រុក នៅតែទាបជាងតម្រូវការឆ្ងាយ លំហូរទាំងនេះ ធ្វើឲ្យទីក្រុងមូស្គូក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏សំខាន់របស់ប្រទេសនេះ បន្ទាប់ពីរបបរបស់លោក អាសាដ ត្រូវបានផ្តួលរំលំ នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ ដោយដណ្តើមយកតំណែងពីអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តសំខាន់របស់មេដឹកនាំនេះ ដែលត្រូវបានបណ្តេញចេញពីអំណាច អំឡុងពេលសង្គ្រាមស៊ីវិលរយៈពេល ១៤ឆ្នាំ នៅក្នុងប្រទេសនេះ៕

