នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។ នៅក្នុងឱកាសនេះ កម្មករនិយោជិតបានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ ដែលមានលក្ខខណ្ឌការងារល្អ ប្រាក់ខែសមរម្យ និងកន្លែងធ្វើការមានផាសុកភាព។
កម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ BTV ថាពួកគេធ្វើការនៅក្នុងសប្បកម្មនេះ រយៈពេល ៤ឆ្នាំហើយ។ ការងាររបស់ពួកគេ ទទួលបានការយកចិត្តទុកដាក់ពីថៅកែ ទាំងការថែទាំសុខភាព និងសុវត្ថិភាពការងារ ស្របតាមស្ដង់ដារ អនុឡោមតាមច្បាប់ ។ ពួកគេ អរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើស្ដង់ដាការងារ និងការបង្កើតការងារក្នុងស្រុកសម្រាប់ពលរដ្ឋ មិនចាំបាច់ចំណាកស្រុក។
ចំណែកលោកស្រី សម្បត្តិ កល្យាណ អគ្គនាយិកាក្រុមហ៊ុន Ample Agro Product co., Ltd. (អ៊ែមផល អាហ្រ្គោ ប្រដាក់) កែច្នៃគ្រាប់ស្វាយចន្ទី ផ្គត់ផ្គង់ក្នុងស្រុក និងនាំទៅកាន់ប្រទេសនៅតំបន់អាស៊ី និងតំបន់អឺរ៉ុប បានប្រាប់ថា បរិយាកាសការងារនៅរោងចក្ររបស់លោកស្រី អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងគោរពតាមច្បាប់ ស្របតាមស្ដង់ដារសុវត្ថិភាព ដើម្បីឲ្យរោងចក្រសហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្ដមួយ។
នៅក្នុងឱកាសទិវាពលកម្មអន្ដរជាតិ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្ដមប្រយោជន៍របស់កម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ៕ អត្ថបទ ៖ លៀ ស៊ីណា











