ប្រមុខការទូតបារាំងនៅថ្ងៃសុក្រនេះ បាននិយាយថា សម្ព័ន្ធភាពថ្មីមួយដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ នឹងបំពេញបន្ថែម និងមិនប្រកួតប្រជែងជាមួយបេសកកម្មស្រដៀងគ្នាដែលដឹកនាំដោយបារាំង និងអង់គ្លេសនោះទេ។
លោករដ្ឋមន្ត្រីការបរទេស Jean-Noel Barrot ដែលថ្លែងនៅទីក្រុងអាប៊ុយដាប៊ី បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងតំបន់ បាននិយាយថា លោកបានជម្រាបជូនសម្ព័ន្ធមិត្តឈូងសមុទ្រអំពីគំនិតផ្តួចផ្តើមរវាងចក្រភពអង់គ្លេស និងបារាំង ដែលឥឡូវនេះស្ថិតក្នុងដំណាក់កាល «ជឿនលឿន»។
នាថ្ងៃព្រហស្បតិ៍ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា ទីក្រុងវ៉ាស៊ីនតោន កំពុងចាប់ផ្តើមបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ដែលមានឈ្មោះថា «Maritime Freedom Construct» ដើម្បីចាប់ផ្តើមការដឹកជញ្ជូនឡើងវិញ នៅក្នុងផ្លូវដ៏សំខាន់នេះ។

ច្រកសមុទ្រនេះ ដែលជាធម្មតាដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោក ត្រូវបានរារាំងដោយអ៊ីរ៉ង់យ៉ាងមានប្រសិទ្ធភាព ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលធ្វើឲ្យតម្លៃទំនិញឡើងថ្លៃ និង បណ្តាញពាណិជ្ជកម្មជាប់គាំង៕
