ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)និយាយនៅថ្ងៃសុក្រនេះថា ខ្សែចង្វាក់ផ្គត់ផ្គង់ជំនួយមនុស្សធម៌សកល កំពុងប្រឈមនឹងការអាក់ខានធ្ងន់ធ្ងរ បន្ទាប់ពីវិបត្តិអ៊ីរ៉ង់ ជំរុញឲ្យការចំណាយកើនឡើង និងពន្យាពេលការចែកចាយជំនួយចាំបាច់ ទៅកាន់ជនភៀសខ្លួន និងមនុស្សជម្លៀសខ្លួន ។
ទីភ្នាក់ងារ UNHCR និយាយថា អសន្តិសុខកើនឡើងនៅជុំវិញផ្លូវដឹកជញ្ជូនឈូងសមុទ្រ រួមទាំងច្រកសមុទ្រ Hormuz បង្កឡើងដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងរុញច្រានឲ្យថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ពន្យាពេលការដឹកជញ្ជូន និងបង្កើនតម្លៃទំនិញមូលដ្ឋាន ក្នុងនោះគ្រឿងផ្គត់ផ្គង់សំខាន់ៗបច្ចុប្បន្ន ត្រូវការចំណាយពេលច្រើនសប្តាហ៍យូរជាងមុន ដើម្បីទៅដល់មនុស្សត្រូវការ ។
លោក Carlotta Wolf គឺជាអ្នកនាំពាក្យទីភ្នាក់ងារ UNHCR និយាយថាប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ថ្លៃចែកចាយជំនួយទៅកាន់ស៊ូដង់ ដែលជាប្រទេសជួបវិបត្តិមនុស្សជម្លៀសខ្លួនធំបំផុតរបស់ពិភពលោក និងប្រទេសជិតខាងឆាដ បានកើនឡើងទ្វេដង ចាប់តាំងពីវិបត្តិសង្រ្គាមអ៊ីរ៉ង់ ពោលគឺកើនឡើងពី ៩២៧.០០០ដុល្លារ ដល់ ១,៨៧លានដុល្លារ ។
លោកបន្តថា ការដឹកជញ្ជូនជំនួយរបស់ UNHCR កាលពីមុនឆ្លងកាត់ច្រកសមុទ្រ Hormuzចេញពីទីក្រុង Dubai ប៉ុន្តែបច្ចុប្បន្នត្រូវផ្លាស់ប្តូរផ្លូវដឹកជញ្ជូននៅជុំវិញដែនដី Cape of Good Hope ដោយចំណាយពេលរហូតដល់ ២៥ថ្ងៃ ។
ការអាក់ខាននេះដែរ បានកើតមានឡើង ស្របពេលដែលទីភ្នាក់ងារ UNHCR ប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បន្ទាប់ពីការកាត់ផ្តាច់មូលនិធិសកល ក្នុងនោះការពួកគេអំពាវនាវឲ្យមានជំនួយ ៨,៥ពាន់លានដុល្លារ ដើម្បីជួយដល់ជនភៀសខ្លួន ១៣៥លាននាក់ ៕