ក្រុមរៀបចំកងនាវាដឹកជំនួយហ្កាហ្សា និយាយថា សកម្មជនគាំទ្រជនប៉ាឡេស្ទីនជាង ១០០នាក់ នៅលើទូកដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា បានធ្វើដំណើរទៅដល់កោះ Crete របស់ក្រិកនាថ្ងៃសុក្រនេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល រឹបអូសទូករបស់ពួកគេនៅក្នុងដែនទឹកអន្តរជាតិជិតប្រទេសក្រិក ។
ក្រុមសកម្មជនទាំងនេះ គឺជាផ្នែកមួយនៃកងនាវា Global Sumud ទី ២ ដែលបានធ្វើដំណើរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីបំបែកការបិទច្រករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា តាមរយៈការចែកចាយជំនួយមនុស្សធម៌ ។ នាវាទាំងនេះ បានចេញដំណើរពីទីក្រុង Barcelona របស់អេស្ប៉ាញ កាលពីថ្ងៃទី ១២ ខែមេសា ។
នៅថ្ងៃសុក្រនេះ កងទ័ពអ៊ីស្រាអែល បានបញ្ជូនសមាជិកកងនាវាដឹកជំនួយហ្កាហ្សា ១៦៨នាក់ ទៅកាន់ទូករបស់ក្រិក ដែលដឹកពួកគេទៅកាន់តំបន់ឆ្នេរ ជាទីដែលរថយន្តក្រុង និងរថយន្តគិលានសង្រ្គោះ រង់ចាំទទួលពួកគេ ។
ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា សកម្មជនប្រហែល ១៧៥នាក់ត្រូវបាននាំយកចេញពីទូកជាង២០គ្រឿង ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម X ដោយនិយាយថ្លែងអំណរគុណដល់ប្រទេសក្រិក ចំពោះឆន្ទៈរបស់ប្រទេសនេះក្នុងការទទួលយកអ្នកចូលរួមក្នុងកងនាវាដឹកជំនួយ ។
អ្នកស្រី Yasmine Scola គឺជាសកម្មជនម្នាក់នៅលើកងនាវា បាននិយាយថា សហការីរបស់អ្នកស្រីត្រូវបានចាប់ជំរិតដោយអ៊ីស្រាអែល ៕