រុស្ស៊ី៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov បានប្រាប់កាសែតគាំទ្រវិមានក្រឹមឡាំង Izvestia នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីនឹងចាត់វិធានការតាមផ្លូវច្បាប់ បើលោកខាងលិចព្យាយាមបង្ខំឲ្យសងបំណុលដែលខ្លួនបានជំពាក់។ លោក Siluanov បានប្រាប់កាសែតនេះក្នុងបទសម្ភាសន៍មួយថា ពិតណាស់យើងនឹងប្ដឹង ព្រោះយើងបានចាត់វិធានការចាំបាច់គ្រប់ដំណាក់កាលដើម្បីធានាថា វិនិយោគិននឹងទទួលបានការចំណាយរបស់ពួកគេ។
លោកថា យើងនឹងដាក់ជូនតុលាការអំពីសេចក្ដីស្នើច្បាប់របស់យើង ដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការសងទាំងរូបិយប័ណ្ណបរទេស ទាំងប្រាក់រូប្លិ៍របស់រុស្ស៊ី។ នេះនឹងមិនមែនជាដំណើរការងាយស្រួលទេ។ យើងនឹងតតាំងសំណុំរឿងរបស់យើងឲ្យអស់ពីលទ្ធភាព ទោះបញ្ហាទាំងអស់លំបាកក៏ដោយ។ យ៉ាងណាក្ដីលោក Siluanov ពុំបានបញ្ជាក់ពីជម្រើសតាមផ្លូវច្បាប់របស់រុស្ស៊ីទេ។ គួរឲ្យដឹងថា រុស្ស៊ីប្រឈមនឹងការខកខានសងបំណុលបរទេសជាលើកដំបូងក្នុងរយៈពេលជាង ១ទសវត្សរ៍ បន្ទាប់ពីរៀបចំឲ្យមានការសងបំណុលបរទេសជាប្រាក់រូប្លិ៍នៅដើមសប្ដាហ៍នេះ ទោះបីជាការសងបំណុលត្រូវបានគ្រោងថា នឹងប្រើប្រាក់ដុល្លាររបស់អាមេរិកក៏ដោយ៕
អត្ថបទ៖ សុខមាន