អាជ្ញាធរអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងដោះលែងបុរសប៉ាឡេស្ទីនម្នាក់ដែលត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារកងកម្លាំងអ៊ីស្រាអែលបាញ់ កាលពីជាងពីរសប្តាហ៍មុន។
លោក Qusai Rayyan អាយុ ២៩ឆ្នាំ ត្រូវបានបាញ់ ក្នុងអំឡុងពេលវាយឆ្មក់របស់អ៊ីស្រាអែល នៅក្នុងខេត្ត Salfit នៅភាគពាយ័ព្យនៃតំបន់វេសបែង កាលពីថ្ងៃទី ១៥ ខែមេសា។ ក្រសួងកិច្ចការអ្នកជាប់ឃុំ និងអតីតអ្នកជាប់ឃុំប៉ាឡេស្ទីន បាននិយាយថា លោក Rayyan បានទទួលការវះកាត់ជាច្រើនដង នៅមន្ទីរពេទ្យ Beilinson នៅភាគខាងជើងអ៊ីស្រាអែល ប៉ុន្តែនៅតែសន្លប់ ហើយសុខភាពរបស់លោក នៅតែបន្តចុះខ្សោយ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីន។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤០នាក់ ត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅ ឬទាហានអ៊ីស្រាអែល នៅក្នុងតំបន់វេសបែង ចាប់តាំងពីខែមករាមក។ នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ។
កងកម្លាំងអ៊ីស្រាអែលធ្វើការវាយឆ្មក់ប្រចាំថ្ងៃ និងពេលយប់នៅក្នុងតំបន់វេសបែង ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខ ក្នុងអំឡុងពេលនោះ ពួកគេចាប់ខ្លួន ឬឆែកឆេរផ្ទះរបស់បុគ្គលដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ឬក្រុមសកម្មប្រយុទ្ធ៕