ផលប៉ះពាល់ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា បង្កផលវិបាកកាន់តែខ្លាំងដល់ពលរដ្ឋរស់នៅក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ដែលបានជួបការលំបាកផ្នែកសេដ្ឋកិច្ចរួចទៅហើយ ក្នុងនោះការចំណាយខ្ពស់ បានធ្វើឲ្យពលរដ្ឋមួយចំនួនពិបាកស៊ូទ្រាំ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
ប្រទេសស៊ីរី បានជួបវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ដោយសារសង្រ្គាមស៊ីវិល ទណ្ឌកម្ម និងហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម ប៉ុន្តែផលប៉ះពាល់កាន់តែធំពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានដាក់សម្ពាធបន្ថែមទៀតលើប្រទេសមួយនេះ ។
តម្លៃចំណីអាហារមូលដ្ឋាន ដូចជាស៊ុត និងនំបុ័ង បន្តកើនឡើងខ្ពស់ ខណៈគ្រឿងផ្គត់ផ្គង់ចាំបាច់ ដូចជាហ្គាសចម្អិនអាហារ បន្តឡើងថ្លៃ ធ្វើឲ្យការចំណាយប្រចាំថ្ងៃនៅទីក្រុងដាម៉ាស កាន់តែយ៉ាប់យ៉ឺន ។
នៅក្នុងផ្សារដ៏មមាញឹកមួយនៅទីក្រុងដាម៉ាស រានតូបមានលក់មុខទំនិញគ្រប់បែបយ៉ាង ប៉ុន្តែតម្លៃរបស់វា ធ្វើឲ្យអតិថិជនគ្មានលទ្ធភាពទិញវានោះទេ ។
សម្រាប់ពលរដ្ឋមួយចំនួន កង្វះខាតឱកាសការងារបានធ្វើឲ្យជីវិតរបស់ពួកគេកាន់តែលំបាកថែមមួយកម្រិតទៀត ។ ប្រាក់ចំណូលដាំក្បាលចុះ ប៉ុន្តែការចំណាយប្រចាំថ្ងៃ បន្តកើនឡើង ធ្វើឲ្យមនុស្សធម្មតាគ្មានលទ្ធភាពក្នុងការទិញចំណីអាហារទទួលទាននោះទេ ។
អ្នកស្រុកម្នាក់រស់នៅក្នុងទីក្រុងដាម៉ាស និយាយថា ពួកយើងលែងទទួលបានអាហារគ្រប់គ្រាន់ទៀតហើយ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ មិនថា សាច់គោ ឬសាច់មាន់ទេ សុទ្ធតែឡើងថ្លៃទាំងអស់ ខណៈដែលពលរដ្ឋ ៦០ភាគរយ គ្មានការងារធ្វើ ។
លោកបន្តថា ភាគច្រើននៃពួកយើងសព្វថ្ងៃនេះ ធ្លាក់ក្នុងភាពក្រីក្រ ហើយនិងត្រូវការជំនួយបន្ទាន់ ។ លោកមកពីតំបន់ឈូងសមុទ្រមានប្រាក់ ១ពាន់ដុល្លារជាប់ខ្លួន ប៉ុន្តែប្រាក់ទាំងអស់ លោកចាយអស់ ហើយ ក្នុងរយៈពេល ៦ខែកន្លងមកនេះ ។ ឥឡូវលោកគ្មានប្រាក់ចំណូលនោះទេ ហើយក៏គ្មានការងារធ្វើនោះដែរ ។
សូមបញ្ជាក់ថា សង្រ្គាមអ៊ីរ៉ង់ បានរាំងផ្ទប់ការដឹកជញ្ជូនទំនិញ និងប្រេងឆ្លងកាត់ច្រកសមុទ្រ Hormus ធ្វើឲ្យតម្លៃថាមពលហក់ឡើងខ្ពស់នៅទូទាំងពិភពលោក ៕