យោងតាមការលើកឡើងរបស់មន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រ ទី ១ ខែឧសភា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពប្រហែល ៥.០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលមួយឆ្នាំខាងមុខ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគំរាមកាលពីដើមសប្តាហ៍នេះថា នឹងដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តណាតូ ក្នុងពេលមានជម្លោះជាមួយអធិការបតីរបស់ប្រទេសនេះ លោក Friedrich Merz ជុំវិញសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងរំពឹងថា ការដកកងទ័ពនឹងត្រូវបញ្ចប់ក្នុងរយៈពេល៦ទៅ១២ខែខាងមុខ»។

លោក Merz អធិការបតីអាល្លឺម៉ង់ បានក្លាយជាគោលដៅនៃកំហឹងរបស់លោក Trump បន្ទាប់ពីបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៊ីរ៉ង់កំពុង «ធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនអាម៉ាស់» នៅតុចរចា។
លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា លោក Merz «គិតថា វាមិនអីទេសម្រាប់ប្រទេសអ៊ីរ៉ង់ក្នុងការមានអាវុធនុយក្លេអ៊ែរ។ លោកមិនដឹងថា លោក Merz កំពុងនិយាយអំពីអ្វីនោះទេ»។
លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុង «សិក្សា និងពិនិត្យឡើងវិញអំពីការកាត់បន្ថយដែលអាចធ្វើទៅបាន» នៃកងទ័ពអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយលោកនឹងសម្រេចចិត្តក្នុង «ពេលដ៏ខ្លី»។ ក្នុងអំឡុងអាណត្តិទាំងពីរលើករបស់លោកនៅក្នុងតំណែង លោក Trump បានគំរាមកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ដោយនិយាយថា លោកចង់ឱ្យអឺរ៉ុបទទួលខុសត្រូវកាន់តែធំចំពោះការការពារខ្លួន ជាជាងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន។
