សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១ ខែឧសភា បានដាក់ទណ្ឌកម្មលើស្ថានីយប្រេងរបស់ចិន ជាផ្នែកមួយនៃវិធានការថ្មីៗមួយចំនួនលើប្រទេសអ៊ីរ៉ង់ ខណៈខ្លួនបានព្រមានអំពីផលវិបាកសម្រាប់នាវាដែលបង់ «ថ្លៃសេវា» ទាមទារដោយទីក្រុងតេអេរ៉ង់។
វិធានការថ្មីទាំងនេះ ធ្វើឡើងក្នុងពេលមានការជាប់គាំងក្នុងផ្នែកការទូត បន្ទាប់ពីលោក Trump បានបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ហើយត្រូវបានប្រកាសត្រឹមតែពីរសប្តាហ៍នៅមុនពេលលោក Trump ធ្វើទស្សនកិច្ចនៅប្រទេសចិនដែលជាអតិថិជនសំខាន់សម្រាប់ប្រេងរបស់អ៊ីរ៉ង់។

សហរដ្ឋអាមេរិក ចាប់តាំងពីអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump បានព្យាយាមជាឯកតោភាគីដើម្បីបញ្ឈប់ប្រទេសនានាពីការទិញប្រេងពីប្រទេសអ៊ីរ៉ង់ ដែលមេដឹកនាំសាសនាកំពុងកាន់អំណាចរបស់ពួកគេ បានស្បត់ថាជាបច្ចាមិត្តរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ក្រសួងការបរទេស បាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើក្រុមហ៊ុន Qingdao Haiye Oil Terminal Co Ltd ដែលខ្លួនបាននិយាយថាក្រុមហ៊ុនេះបាននាំចូលប្រេងឆៅអ៊ីរ៉ង់រាប់សិបលានបារ៉ែល ដែលការធ្វើបែបនេះ ជួយដល់អ៊ីរ៉ង់បង្កើតប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ។
ក្រសួងការបរទេសបាននិយាយថា «ដរាបណា អ៊ីរ៉ង់ព្យាយាមរកប្រាក់ចំណូលប្រេងដើម្បីផ្តល់មូលនិធិដល់សកម្មភាពបង្កអស្ថិរភាពរបស់ខ្លួន សហរដ្ឋអាមេរិកនឹងធ្វើឱ្យអ៊ីរ៉ង់ និងដៃគូដែលគេចវេះពីទណ្ឌកម្មទាំងអស់របស់ខ្លួនទទួលខុសត្រូវ»។
