ការស្ទង់មតិថ្មីមួយបានរកឃើញថា ប្រជាជនភាគច្រើននៅសហរដ្ឋអាមេរិកជឿថា ការសម្រេចចិត្តចាត់វិធានការផ្នែកយោធាទៅលើអ៊ីរ៉ង់គឺជាកំហុស ខណៈសង្គ្រាមនេះធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ និងជំរុញឱ្យមានការព្រួយបារម្ភអំពីការចំណាយលើជីវភាពរស់ខ្ពស់លើប្រេងឥន្ធនៈ នៅសហរដ្ឋអាមេរិក។
ការស្ទង់មតិរបស់ Washington Post-ABC-Ipsos ដែលបានចេញផ្សាយកាលពីថ្ងៃសុក្របង្ហាញថា៦១ ភាគរយនៃអ្នកឆ្លើយតប ជឿថា ការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់គឺជាកំហុស ដោយមានត្រឹមតែ ៣៦ភាគរយប៉ុណ្ណោះដែលនិយាយថា វាជាការសម្រេចចិត្តត្រឹមត្រូវ។
ការស្ទង់មតិនេះ គឺជាការស្ទង់មតិចុងក្រោយដែលរកឃើញកម្រិតទាបនៃការគាំទ្រចំពោះសង្គ្រាមដែលបានចាប់ផ្តើមប្រឆាំងនឹងអ៊ីរ៉ង់ធ្វើឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅចុងខែកុម្ភៈ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់មជ្ឈិមបូព៌ា និងបានធ្វើឱ្យតម្លៃថាមពលសកលកើនឡើង។
នៅពេលត្រូវបានសួរថាតើពួកគេបានផ្លាស់ប្តូរឥរិយាបថរបស់ពួកគេដោយសារតែតម្លៃប្រេងឥន្ធនៈខ្ពស់ដែរឬទេ អ្នកឆ្លើយតប៤៤ភាគរយបាននិយាយថា ពួកគេបានកាត់បន្ថយការបើកបរ ហើយ៤២ ភាគរយបាននិយាយថា ពួកគេបានធ្វើដូចគ្នាសម្រាប់ការចំណាយក្នុងគ្រួសារ។ តួលេខទាំងនេះ បានកើនឡើងដល់៥៦ភាគរយ និង៥៩ភាគរយសម្រាប់អ្នកឆ្លើយតបដែលរកចំណូលបានតិចជាង៥០.០០០ដុល្លារក្នុងមួយឆ្នាំ។ ក្តីបារម្ភទាំងនោះកើតឡើងនៅពេលដែលការវាយតម្លៃពីអត្រាពេញចិត្តលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ ដោយអ្នកបោះឆ្នោតបានបង្ហាញការខកចិត្តចំពោះបញ្ហាសេដ្ឋកិច្ច និងការចំណាយលើជីវភាពរស់នៅ។

