ប្រទេសចិនកាលពីថ្ងៃសុក្របានអំពាវនាវឲ្យបន្តការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយនិយាយថា ការបិទផ្លូវទឹកយុទ្ធសាស្ត្រកំពុងរំខានដល់ការផ្គត់ផ្គង់ថាមពលសកល និងធ្វើឲ្យសេដ្ឋកិច្ចទូទាំងពិភពលោកកាន់តែដុនដាប។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថា ការបិទច្រកសមុទ្រហ័រមូស គឺបណ្តាលមកពីសង្គ្រាមខុសច្បាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយការបិទនេះ បានបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក។

លោក Fu បានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងសន្និសីទសារព័ត៌មាន ខណៈដែលប្រទេសចិនចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។
លោក Fu បានលើកឡើងថា៖«មូលហេតុចម្បងនៃស្ថានភាពនេះ គឺសង្គ្រាមខុសច្បាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយសង្គ្រាមនេះ បាននាំមកនូវទុក្ខវេទនាយ៉ាងធំធេង នៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់ប្រជាជនអ៊ីរ៉ង់ និងប្រទេសជិតខាង ហើយផលវិបាករបស់វាលាតសន្ធឹងទៅឆ្ងាយ និងទូលំទូលាយ ហើយជាពិសេស ការបិទច្រកសមុទ្រហ័រមូស ពិតជាកំពុងបង្កភាពវឹកវរនៅក្នុងទីផ្សារប្រេង និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល ជាពិសេសនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍សកលខាងត្បូង»៕
