ស៊ីហ្គេម៖ កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលរៀបចំនៅសណ្ឋាគារបុរីអង្គរក្រុងសៀមរាបបានឈានមកដល់ថ្ងៃចុងក្រោយ ដោយមានវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងការប្រកាសបើកកិច្ចប្រជុំ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍លើកដំបូងលើទឹកដីកម្ពុជា សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំទើបអាចមានលទ្ធភាពទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ គឺតាមរយៈគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ចំពេលកម្ពុជាកំពុងរស់នៅក្នុងដំបូលសន្តិភាព។ ទន្ទឹមនឹងគ្នានោះដែរ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមលើកដំបូងនៅឆ្នាំ២០២៣ នោះ កម្ពុជាក៏បានសុំការផ្តល់ដំបូន្មានល្អៗ មតិយោបល់ ទស្សនាទានកីឡាសំខាន់ និងចែករំលែកបទពិសោធន៍ដល់កម្ពុជាដែលកំពុងរៀបចំផង រៀនសូត្រផងពីប្រទេសជាសមាជិកក្រុមប្រឹក្សាទាំងអស់ ពិសេសសូមផ្តល់អនុសាសន៍ និងសំណូមពរមួយចំនួនដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួមមាន៖
1- កម្ពុជាប្រទេសតូចដែលមានបេះដូងធំ ប្តេជ្ញាខំប្រឹងប្រែងអស់លទ្ធភាពរៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ តាមប្រតិទិន និងកម្មវិធីដែលបានគ្រោងទុក និងប្តេជ្ញាខិតខំអនុវត្តតាមការផ្តល់ទំនុកចិត្តរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។
2- ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាផ្តោតការយកចិត្តទុកដាក់លើការគោរពគោលការណ៍កីឡាស្អាតស្អំ និងកីឡាបៃតង ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលសេចក្តីសម្រេចពីអង្គការសហប្រជាជាតិស្តីពី “កីឡាដើម្បីសកម្មភាពបំរែបំរួលអាកាសធាតុ UN Sport for Climate Change Action” កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។
3- រាជរដ្ឋាភិបាលកម្ពុជា និង CAMSOC បានសម្រេចដាក់ចេញនូវប្រតិបត្តិការរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ តាមយុទ្ធវិធី និងយុទ្ធសាស្ត្រ “សន្សំសំចៃ តែផ្តល់នូវភាពអស្ចារ្យ Saving Games but delivering the Best Games”។
4- រាជរដ្ឋាភិបាលបានសម្រេចយកខេត្តសៀមរាបប្រារព្ធព្រះរាជពិធីសុំភ្លើងអាទិទេពកីឡា រួចរត់ដង្ហែរភ្លើងគប់ទៅគ្រប់ប្រទេសជាសមាជិកស៊ីហ្គេម ដូចនេះសូមគណៈកម្មាធិការជាតិអូឡាំពិកជាសមាជិកក្រុមប្រឹក្សាជួយគាំទ្រ និងរៀបចំពិធីដង្ហែរភ្លើងគប់ឱ្យទទួលបានជោគជ័យ។
5- សំណូមពររបស់កម្ពុជាទៅកាន់បណ្តាប្រទេសសមាជិក និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍រួមមានដូចតទៅ៖ យោគយល់ដល់កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច និងកម្រិតសេដ្ឋកិច្ចមធ្យមកម្រិតទាបនៅឡើយ។ យោគយល់ដល់កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត ប្រាកដជាមានការខ្វះខាត។
យោគយល់បន្ធូរបន្ថយក្រិតក្រម ឬលក្ខខណ្ឌតម្រូវមួយចំនួន ដើម្បីទុកលទ្ធភាពឱ្យកម្ពុជាបំពេញកាតព្វកិច្ចរៀបចំស៊ីហ្គេម ២០២៣ ឱ្យទទួលបានជោគជ័យ។ ផ្តល់ការគាំទ្រក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងជាមហាគ្រួសារកីឡាក្នុងតំបន់ ដែលសេចក្តីត្រូវការមួយចំនួនរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ សម្រាប់ប្រជាជន យុវជនកម្ពុជាផង និងសម្រាប់ប្រជាជន យុវជន បណ្តាប្រទេសជាសមាជិកស៊ីហ្គេមផង។ ជួយផ្តល់ការផ្សព្វផ្សាយកម្ពុជា ២០២៣ ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣ ឱ្យបានទូលំទូលាយដើម្បីបន្ថែមគុណតម្លៃដល់កេរ្តិ៍ឈ្មោះស៊ីហ្គេមទៅអនាគត។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅខេត្តសៀមរាប គឺជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការកាលពីចុងឆ្នាំ២០២១។ កិច្ចប្រជុំនេះត្រូវបានឯកឧត្តមរដ្ឋមន្ដ្រីចាត់ទុកជាកិច្ចប្រជុំដ៏សំខាន់ ដែលជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់លើការរៀបចំឲ្យទទួលបានជោគជ័យ ព្រោះផ្លែផ្កានៃកិច្ចប្រជុំនេះក៏ឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំ២០២៣៕
អត្ថបទ៖ នាង សុភាវុធ