មន្ត្រីសេតវិមានពីររូប បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃសុក្រ (ទី ០១ ខែឧសភា) ដោយពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលគុយបា ខណៈដែលលោកកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀតលើទីក្រុងឡាហាវ៉ាន បន្ទាប់ពីបណ្តេញមេដឹកនាំវ៉េណេស៊ុយអេឡាចេញពីអំណាច។
មន្ត្រីទាំងនោះបាននិយាយថា ទណ្ឌកម្មថ្មីៗផ្តោតលើមនុស្ស អង្គភាព និងក្រុមអ្នកគាំទ្រ ដែលជួយទ្រទ្រង់ ប្រព័ន្ធសន្តិសុខរបស់រដ្ឋាភិបាលគុយបា ឬជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ឬការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក៏ដូចជាភ្នាក់ងារ មន្ត្រី ឬអ្នកគាំទ្ររដ្ឋាភិបាល។

ភ្លាមៗនោះ ពុំទាន់ច្បាស់ថាតើអ្នកណាជាអ្នកដែលត្រូវបានវាយប្រហារដោយទណ្ឌកម្មក្រោមក្រឹត្យនេះ ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌រ៉យទ័រ។
ប៉ុន្តែច្បាប់ចម្លងនៃក្រឹត្យនេះដែលចេញផ្សាយដោយសេតវិមាន បានបញ្ជាក់ថា ទណ្ឌកម្មអាចអនុវត្តចំពោះ «ជនបរទេសណា» ដែលកំពុងប្រតិបត្តិការនៅក្នុង «វិស័យថាមពល ការពារជាតិ និងសម្ភារៈពាក់ព័ន្ធ លោហធាតុ និងរ៉ែ សេវាកម្មហិរញ្ញវត្ថុ ឬសន្តិសុខនៃសេដ្ឋកិច្ចគុយបា ឬវិស័យផ្សេងទៀតនៃសេដ្ឋកិច្ច គុយបា»៕
