អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យ និងសម្ភារៈចាំបាច់ចូលទៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធនេះ ជាបន្ទាន់ ដើម្បីឲ្យសេវាសុខភាពអាចស្តារឡើងវិញបានក្នុងទ្រង់ទ្រាយធំ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសុក្រថា អង្គការនេះ បានគាំទ្រការបង្កើតមជ្ឈមណ្ឌលសុខភាពគ្រួសារថ្មីមួយ នៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលការទទួលបានសេវាថែទាំសុខភាព នៅមានកម្រិតខ្លាំង។

លោកបានថ្លែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«មជ្ឈមណ្ឌលសុខភាពនេះ នឹងផ្តល់សេវាសុខភាពសំខាន់ៗ រួមទាំងការគ្រប់គ្រងជំងឺមិនឆ្លង សេវាសុខភាពមាតា និងកុមារ ការចាក់វ៉ាក់សាំងជាប្រចាំ ការថែទាំអ្នករងរបួស និងការស្តារនីតិសម្បទារាងកាយជាមូលដ្ឋាន រួមជាមួយនឹងការបញ្ជូនសម្រាប់ករណីដែលត្រូវការការថែទាំកម្រិតខ្ពស់»។
លោកបានបន្ថែមថា៖«តម្រូវការសុខភាពនៅទូទាំងតំបន់ហ្កាហ្សា នៅតែមានច្រើន ការផ្លាស់ប្តូរពីដំណាក់កាលអាសន្នស្រួចស្រាវនៃវិបត្តិនេះ ទៅជាការកសាងឡើងវិញ ការធ្វើឲ្យមានស្ថិរភាព និងការពង្រីកប្រព័ន្ធថែទាំសុខភាពកាន់តែទូលំទូលាយ ដើម្បីបំពេញតម្រូវការកាន់តែច្រើនរបស់ប្រជាជន ដូចជាការថែទាំជាប្រចាំ និងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃផងដែរ»៕
