រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃសុក្រ ដោយផ្លាស់ប្តូរទស្សនៈលើសេរីភាពនៃការធ្វើនាវាចរណ៍ និងបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើយោងតាមក្រសួងការបរទេសរុស្ស៊ី។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ភាគីទាំងពីរ បានបន្តផ្លាស់ប្តូរទស្សនៈយ៉ាងហ្មត់ចត់លើការរំពឹងទុកសម្រាប់ការបញ្ឈប់អរិភាពទាំងស្រុង ដែលធ្វើឲ្យស្ថានភាពយោធា និងនយោបាយនៅមជ្ឈិមបូព៌ា មានស្ថិរភាព។

រុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលកំពុងបន្ត និងការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រយ៉ាងពេញលេញដល់ដំណើរការនយោបាយ និងការទូត ដើម្បីឈានដល់កិច្ចព្រមព្រៀងប្រកបដោយចីរភាព ដែលមានគោលបំណងបង្កើតសន្តិភាពរយៈពេលវែង នៅក្នុងតំបន់នេះ។
ក្រសួងបានបន្ថែមថា លោករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីការឆ្លងកាត់នាវា និងទំនិញរបស់រុស្ស៊ីតាម ច្រកសមុទ្រហ័រមូសផងដែរ៕
