នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយនៅថ្ងៃសៅរ៍នេះថា ការហាមឃាត់ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានចាត់ទុកមានសមហេតុផលត្រឹមត្រូវ ជាពិសេសនៅពេលដែលពួកគេអំពាវនាវឲ្យមានការបះបោរកាន់តែធំឡើង។

មេដឹកនាំគណបក្សការងារ លោក Starmer កំពុងស្ថិតនៅក្រោមសម្ពាធឲ្យធ្វើសកម្មភាព បន្ទាប់ពីឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វជាច្រើន រួមទាំងសប្តាហ៍នេះ នៅពេលដែលបុរសពីរនាក់ ត្រូវបានចាក់នៅជាយក្រុង Golders Green ភាគខាងជើងទីក្រុងឡុងដ៍ ដែលជាទីតាំងនៃសហគមន៍ជ្វីហ្វដ៏ធំមួយ។
ជនជាតិអង់គ្លេសអាយុ ៤៥ ឆ្នាំម្នាក់ ដែលកើតនៅប្រទេសសូម៉ាលី ត្រូវបានឃុំខ្លួន នៅពេលដែលលោក បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងតុលាការកាលពីថ្ងៃសុក្រ ដោយត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម។
លោក Starmer បានទៅពិនិត្យមើលកន្លែងកើតហេតុនៃការវាយប្រហារ និងសេវារថយន្តសង្គ្រោះបន្ទាន់ស្ម័គ្រចិត្តរបស់ជនជាតិជ្វីហ្វកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានអ្នកស្រុកមួយចំនួនស្រែកជេរប្រមាថ ដែលបានចោទប្រកាន់លោកថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីការពារពួកគេ៕
