មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយនៅថ្ងៃសៅរ៍នេះថា ការប្រយុទ្ធគ្នាជាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទំនងជាកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកមិនពេញចិត្តនឹងសំណើចរចាថ្មីរបស់ប្រទេសនេះទេ។
អ៊ីរ៉ង់បានប្រគល់សេចក្តីព្រាងនេះទៅឲ្យអ្នកសម្របសម្រួលប៉ាគីស្ថានកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានរាយការណ៍ដោយមិនបានរៀបរាប់លម្អិតអំពីខ្លឹមសាររបស់វា។
សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅចុងខែកុម្ភៈ ត្រូវបានផ្អាក ចាប់តាំងពីថ្ងៃទី ០៨ ខែមេសា ដោយមានកិច្ចចរចាសន្តិភាពមួយជុំបានបរាជ័យនៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីពេលនោះមក។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា៖«នៅពេលនេះ ខ្ញុំមិនពេញចិត្តនឹងអ្វីដែលពួកគេ កំពុងផ្តល់ជូននោះទេ» ដោយស្តីបន្ទោសការចរចាដែលជាប់គាំងលើ «ភាពមិនចុះសម្រុងគ្នាយ៉ាងច្រើន» នៅក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់៕

