រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Anatoly Antonov កាលពីពេលថ្មីៗនេះបានប្រាប់ Newsweek ថា លោកខាងលិចកំពុងរករឿងរុស្ស៊ី។ ប្រេសិតពិសេសរូបនេះនិយាយថា យើងព្រមានថា សកម្មភាពបែបនេះគឺគ្រោះថ្នាក់ណាស់។ វាអាចនាំឲ្យសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ីដើរចូលទៅរកការប្រឈមដាក់គ្នាខាងយោធាដោយផ្ទាល់។

ទន្ទឹមនឹងនេះទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនកំពុងរុញច្រានកងទ័ពរុស្ស៊ីត្រឡប់ទៅវិញដោយជោគជ័យ ដូច្នេះពួកឈ្លានពានត្រូវបានបង្ខំឱ្យប្រមូលផ្តុំឡើងវិញ រៀបចំយុទ្ធសាស្ត្រថ្មី និងផ្តោតការយកចិត្តទុកដាក់ឡើងវិញ។ លោក Sullivan បាននិយាយក្នុងកម្មវិធី Face The Nation របស់ទូរទស្សន៍ CBS News ថា ប្រទេសរុស្ស៊ីបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួននៅក្នុងសង្គ្រាមនេះ។ ពួកគេបានដកថយពីទឹកដីដ៏ច្រើននៅភាគខាងជើង និងភាគឦសានរបស់ប្រទេសអ៊ុយក្រែន។ មូលហេតុដែលពួកគេបានធ្វើការកែតម្រូវនោះគឺថា ពួកគេត្រូវបានវាយប្រហារដោយជនជាតិអ៊ុយក្រែន។ ការវាយប្រហាររបស់រុស្ស៊ីចូលអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៤៦ ហើយពុំទាន់មានសញ្ញានៃភាពធូរស្រាល ឬក្ដីរំពឹងថានឹងមានបទឈប់បាញ់នៅតុចរចាទេ៕
អត្ថបទ៖ សុខមាន