ភ្នំពេញ៖ គ្រឿងតុបតែងលំអធ្វើកម្មវិធីសង្ក្រាន្តខេត្តកណ្តាល ត្រូវបានអាជ្ញាធរមូលដ្ឋានរៀបចំបានប្រមាណជាង ៩៥% ហើយនៅថ្ងៃទី១១ខែមេសានេះ គ្រឿងតុបតែងលំអរឆាកកម្មវិធីសង្ក្រាន្តទាំងនោះ នឹងយកទៅផ្គុំដំឡើងនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។
បើតាមលោក ស៊ូ ផល្លា ប្រធានការិយាល័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃមន្ទីរវប្បធម៌និងវិចិត្រខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១១ ខែមេសានេះថា នៅក្នុងឆ្នាំនេះ ខេត្តកណ្តាល និងរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរទ្រង់ទា្រយធំ នៅក្នុងសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ហើយកម្មវិធីនេះ នៅថ្ងៃដំបូងគឺមានរៀបចំកម្មវិធីបើក ដោយមានដង្ហែរក្បួរព្យុះហយាត្រា លេងល្បែងកម្សាន្ត សំដែងសិល្បៈ លេងល្ខោន ប្រគំដន្ត្រីរាំវង់ស្គរដី និងមានការការតាំងពិព័រណ៍ផលិតផលក្នុងស្រុកជាដើម។
នៅខណៈរដ្ឋបាលខេត្តកណ្តាល កំពុងដំណើរការរៀបចំគ្រឿងតុបតែងលំអរសោភ័ណភាពក្រុងតាខ្មៅនេះ គឺមានពលរដ្ឋមកពីទីជិតឆ្លាយជាច្រើន បានទៅដើរលេងកម្សាន្តសួនក្រុងតាខ្មៅនាពេលរាត្រី ហើយបណ្តាពលរដ្ឋ បានថ្លែងថា សួនច្បារតាខ្មៅ នៅក្នុងអំឡុងមុនថ្ងៃបុណ្យឆ្នាំថ្មីជិតឈានចូលមកដល់នេះ នៅពេលយប់ គឺបាននិងកំពុងរៀបចំតុបតែងដាក់គ្រឿងភ្លើងលំអរ បើកបំភ្លឺសាកល្បង ជាមួយនឹងការមានដាក់លក់សំលៀកបំពាក់ លក់ម្ហូបអាហារ និងមានលេងល្ខោន ធ្វើអោយក្រុងតាខ្មៅ មានភាពទាក់ទាញខ្លាំង ចង់មកទស្សនាដើរកម្សាន្ត។
ទោះយ៉ាងណា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអំពាវនាវអោយបណ្តាប្រជាពលរដ្ឋសូមអញ្ជើញមកចូលរួមទស្សនា កម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ហើយគ្រប់ការចូលរួមឯកឧត្តម ក៏បានស្នើអោយបណ្តាប្រជាពលរដ្ឋ សូមមេត្តារក្សាភាពអនាម័យខ្លួន ដោយត្រូវ ពាក់ម៉ាស់រក្សាគន្លាត និងលាងដៃអាកុលជែល ទាំងអស់គ្នា ខណៈមេរោគកូវីដ មិនទាន់ផុតរលុតអស់ពីប្រទេសកម្ពុជាយើង៕ អត្ថបទ ស៊ុមសុខជា