នគរបាលនិយាយថា មនុស្សយ៉ាងហោច ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្នុងអគាររស់នៅអ្នកស្រុក ស្ថិតក្នុងទីក្រុងដែលី ប្រទេសឥណ្ឌា នាព្រឹកថ្ងៃអាទិត្យនេះ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ ។
ឧបទ្ទេវហេតុមួយនេះ បានកើតឡើងនៅតំបន់ Vivek Vihar ។ ការទូរស័ព្ទសុំជំនួយ បានធ្វើឡើងនៅវេលាម៉ោង ៣ និង ៤៨នាទីព្រឹក ម៉ោងក្នុងស្រុក ។
ក្រុមមន្រ្តីសេវាកម្មពន្លត់អគ្គិភ័យក្រុងដែលី និយាយថា ពួកគេទទួលបានការទូរស័ព្ទសុំសង្រ្គោះ ហើយក្រុមពន្លត់អគ្គិភ័យ ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។
ពួកគេបន្តថា អគ្គិភ័យ ត្រូវបានគ្រប់គ្រងជាប់នៅទាំងស្រុងនៅវេលាម៉ោង ៦ និង ២៥នាទីព្រឹក ក្រោយពេលអគ្គិភ័យរីករាលដាលដល់ផ្ទះល្វែងចំនួន ៦ ក្នុងនោះ មនុស្ស ១២-១៥នាក់ ត្រូវបានជួយសង្រ្គោះ ៕

