ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថាមាននូវលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ។លោក Trump បានថ្លែងបែបនេះជាការឆ្លើយតបនឹងសំនួររបស់ក្រុមអ្នកសារព័ត៌មាននៅឆ្នេរខ្សាច់West Palm ស្ថិតក្នុងរដ្ឋ Floridaមុនពេលរូបលោកឡើងយន្តហោះ Air Force One ។គួរឲ្យដឹងថាកាលពីថ្ងៃសុក្រកន្លងទៅ លោក Trump និយាយថា លោកមិនពេញចិត្តនោះទេជាមួយនឹងសំណើចរចាថ្មីរបស់អ៊ីរ៉ង់ទេខណៈការចរចាសន្តិភាពនៅតែជាប់គាំង ទោះបីជាមានបទឈប់បាញ់រយៈពេលច្រើនសប្តាហ៍ក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មានIRNA បានរាយការណ៍ថាអ៊ីរ៉ង់បានប្រគល់ឯកសារសំណើទៅឲ្យអ្នកសម្របសម្រួលប្រទេសប៉ាគីស្ថានដោយមិនបានរៀបរាប់លម្អិតអំពីខ្លឹមសាររបស់សំណើនោះឡើយ ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា នៅពេលនេះខ្ញុំមិនពេញចិត្តនឹងអ្វីដែលពួកគេកំពុងស្នើនោះទេ ដោយស្តីបន្ទោសលើការចរចាដែលជាប់គាំងទៅលើភាពមិនចុះសម្រុងគ្នាយ៉ាងខ្លាំងនៅក្នុងជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ។ លោកថាតើយើងចង់ទៅបំផ្ទុះពួកគេចោលហើយបញ្ចប់ពួកគេជារៀងរហូត ឬថាតើយើងត្រូវព្យាយាមឲ្យមានកិច្ចព្រមព្រៀង? លោកមិនចង់ជ្រើសរើសជម្រើសដំបូងនេះទេ ផ្អែកលើមូលដ្ឋានមនុស្សធម៌។ សូមបញ្ជាក់ថា សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដោយការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី៨ខែមេសារហូតមក ៕
