សំណុំផ្សែង និងសំឡេងផ្ទុះ ត្រូវបានមើលឃើញពីអ៊ីស្រាអែលនៅតំបន់ព្រំដែនលីបង់ ស្របពេលដែលអរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែបន្ត ។
យោធាអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការសឹករបស់ខ្លួននៅតំបន់ភាគខាងត្បូងលីបង់ ក្រោយបទឈប់បាញ់បញ្ឈប់ជម្លោះជាមួយក្រុមហេសបូឡា ។
ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តវាយប្រហារយានដ្រូន និងរ៉ុក្កែតលើទាហានអ៊ីស្រាអែលនៅលីបង់ និងតំបន់ភាគខាងជើងអ៊ីស្រាអែល ។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្ស ១៣ នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូង រួមទាំងនៅក្នុងទីក្រុងមួយដែលកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឲ្យជម្លៀសចេញ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ។
ពួកគេបន្តថា ការវាយប្រហារនៅក្នុងទីក្រុង Habboush បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានកុមារម្នាក់ និងស្ត្រីពីរនាក់ និង ២១នាក់ ផ្សេងទៀតរងរបួស ។
ដោយឡែក ការវាយប្រហារផ្សេងទៀតនៅទីក្រុង Zrariyeh បានសម្លាប់ មនុស្ស ៤នាក់ ក្នុងនោះមានស្ត្រីពីរនាក់ និង ៤នាក់ ផ្សេងទៀត រងរបួស ។ ចំណែកឯការវាយប្រហារនៅក្នុងទីក្រុង Ain Baal ជិតទីក្រុងឆ្នេរសមុទ្រ Tyre បានសម្លាប់មនុស្សម្នាក់ និង ៧នាក់ផ្សេងទៀត រងរបួស ៕

