ចុងសប្តាហ៍នៃទិវាពលកម្មអន្តរជាតិ បានប្រែក្លាយជាសោកនាកម្មនៅរដ្ឋភាគខាងលិច Nayarit ប្រទេសម៉ិកស៊ិក ពេលដែលមនុស្សយ៉ាងហោច ១១នាក់ បានស្លាប់ និង ៣១នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅតាមបណ្តាយផ្លូវហាយវ៉េ ។
រដ្ឋបាលរដ្ឋ Nayarit និយាយថា រថយន្តក្រុងមួយគ្រឿងនេះ ដែលធ្វើដំណើរចេញពីរដ្ឋ Jalisco បានក្រឡាប់នៅជិតទីក្រុង Amatlan de Canas ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា អ្នកដំណើរស្ថិតតាមផ្លូវរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលកម្សាន្ត ស្ថិតក្នុងរដ្ឋ Nayarit ។
ក្រុមសង្រ្គោះបន្ទាន់មកពីរដ្ឋ Nayarit និងរដ្ឋ បានឆ្លើយតបភ្លាមៗចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ដោយពួកគេបិទផ្លូវ ដើម្បីចុះប្រតិបត្តិការសង្រ្គោះ និងស៊ើបអង្កេតលើមូលហេតុនាំឲ្យកើតមានឧបទ្ទេវហេតុ ។
សូមបញ្ជាក់កថា គ្រោះថ្នាក់រថយន្តក្រុងស្លាប់មនុស្សតែងតែកើតឡើងញឹកញាប់នៅអាមេរិកឡាទីន ហើយនិងនៅតាមផ្លួវហាយវ៉េរបស់ម៉ិកស៊ិក ។
កាលពីខែកញ្ញា ឆ្នាំមុន មនុស្សយ៉ាងហោច ១០នាក់ បានស្លាប់ និង ៦១នាក់ផ្សេងទៀត រងរបួស នៅភាគកណ្តាលម៉ិកស៊ិក ពេលដែលរថភ្លើងដឹកទំនិញ បុករថយន្តក្រុងដឹកអ្នកដំណើរ ២ជាន់ ។
ដោយឡែក កាលពីខែកុម្ភ ឆ្នាំ ២០២៥ មនុស្សជាង ៤០នាក់ បានស្លាប់ នៅភាគខាងត្បូងម៉ិកស៊ិក ពេលដែលរថយន្តក្រុងធ្វើដំណើរទៅកាន់ទីក្រុង Tabasco បុករថយន្តសណ្តោង បណ្តាលឲ្យកើតជាអគ្គិភ័យ ៕

