ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ចាត់វិធានការកាន់តែខ្លំាងលើរដ្ឋាភិបាលរបស់លោក ។

លោក Diaz-Canel និយាយថា គុយបាមិនមែនជាការគំរាមកំហែងអ្វីនោះឡើយចំពោះសហរដ្ឋអារិក ហើយប្រទេសកោះមួយនេះ គឺជាប្រទេសសន្តិភាព ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez និយាយថា ប្រទេសរបស់លោកពុំដែលពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ លើបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព ឯករាជ្យ និងការប្តេជ្ញាចិត្តខ្លួនឯង ហើយលោកនិយាយថា គុយបានឹងបន្តការពារប្រព័ន្ធសង្គមនិយមរបស់ខ្លួន ។
មន្ត្រីសេតវិមាន ២រូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃសុក្រ ដោយបង្កើនទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលគុយបា ខណៈដែលលោកកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀតលើទីក្រុងឡាហាវ៉ាន បន្ទាប់ពីទម្លាក់មេដឹកនាំវ៉េណេស៊ុយអេឡាចេញពីអំណាច ។
មន្ត្រី ២រូបនោះ បន្តថា ទណ្ឌកម្មថ្មីៗផ្តោតលើមនុស្ស អង្គភាព និងក្រុមអ្នកគាំទ្រ ដែលជួយទ្រទ្រង់ ប្រព័ន្ធសន្តិសុខរបស់រដ្ឋាភិបាលគុយបា ឬជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ឬការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក៏ដូចជាភ្នាក់ងារ មន្ត្រី ឬអ្នកគាំទ្ររដ្ឋាភិបាល ៕
