លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បានព្យាយាមនិយាយសម្រាលពីភាពតានតឹងជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីផែនការកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់។

លោក Merz បាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការដកកងទ័ពរបស់សហរដ្ឋអាមេរិក ពុំមានជាប់ទាក់ទងទៅនឹងភាពខ្វែងគំនិតគ្នាជាមួយប្រធានាធិបតី លោក Donald Trump លើយុទ្ធសាស្ត្ររបស់លោកនៅក្នុងប្រទេសអ៊ីរ៉ង់ នោះទេ។

លោក Merz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ARD ក្នុងបទសម្ភាសន៍មួយថា «ខ្ញុំនៅតែជឿជាក់ថា អាមេរិកគឺជាដៃគូសំខាន់បំផុតសម្រាប់យើងនៅក្នុងសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង (NATO)»។ បញ្ហាបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍មុន នៅពេលដែលលោក Merz ទំនងជាបានរិះគន់ចំណាត់ការរបស់លោក Trump នៅក្នុងប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមដោយមិនពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោន។
លោក Merz បាននិយាយថា អ៊ីរ៉ង់កំពុង «ធ្វើឱ្យសហរដ្ឋអាមេរិកអាម៉ាស់» ដោយព្រមានថាទីក្រុងវ៉ាស៊ីនតោនពុំមានមធ្យោបាយច្បាស់លាស់ចេញពីជម្លោះនោះទេ។ រដ្ឋមន្ត្រីការបរទេស លោក Johann Wadephul ក្រោយមកបានព្យាយាមនិយាយសម្រាលពីការធ្វើអត្ថាធិប្បាយទាំងនោះ ដោយនិយាយថាលោក Merz បាននិយាយសំដៅទៅលើ «ឥរិយាបថដ៏អាក្រក់» របស់អ៊ីរ៉ង់នៅក្នុងការចរចាសន្តិភាព។
លោក Trump បានស្តីបន្ទោសលោក Merz ដោយនិយាយថា មេដឹកនាំអាល្លឺម៉ង់ «មិនដឹងថា លោកកំពុងនិយាយអំពីអ្វីនោះទេ» ហើយបានគំរាមដកទាហានអាមេរិកចេញ។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកទាហានអាមេរិកប្រហែល ៥.០០០ នាក់ក្នុងរយៈពេល ១២ ខែខាងមុខ។