តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃចន្ទ៤ឧសភានេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងនាវាដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ទោះជាយ៉ាងណាក៏ដោយ ការខ្វះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរក្សាតម្លៃឱ្យនៅខ្ពស់ជាង១០០ ដុល្លារ ក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅ Brent បានធ្លាក់៦៤ សេន ឬ០,៥៩% មកនៅត្រឹម១០៧,៥៣ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ២៣និង៨នាទីម៉ោងសកល បន្ទាប់ពីបានធ្លាក់២,២៣ ដុល្លារកាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន។
តម្លៃប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ១០១,១០ដុល្លារក្នុងមួយបារ៉ែល ធ្លាក់៨៤ សេន ឬ០,៨២ % ក្រោយការខាតបង់ ៣,១៣ដុល្លារកាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន។
តម្លៃប្រេងនៅតែខ្ពស់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយកើតឡើង ហើយចរាចរណ៍នៅក្នុងច្រកសមុទ្ទ Hormuz នៅតែមានកម្រិត។ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តកាលពីចុងសប្តាហ៍នេះ ដោយប្រទេសនានាកំពុងវាយតម្លៃការឆ្លើយតប និងបើកទំព័រថ្មីពីគ្នាទៅវិញទៅមក។
អ្នកវិភាគមកពីស្ថាប័នស្រាវជ្រាវទីផ្សារនិងសេដ្ឋកិច្ច ANZ បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ការចរចាសន្តិភាពត្រូវបានជាប់គាំង ខណៈភាគីទាំងពីរបដិសេធមិនបន្តដើរលើបន្ទាត់ក្រហមរៀងៗខ្លួន៕

