ពេលនេះអ្នកគាំទ្របាល់ទាត់ជាតិកម្ពុជាកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើការប្រកួតប្រជែងចំណាច់ថ្នាក់លេខពីរ ខណៈលីគកំពូលកម្ពុជានៅសល់ពីរសប្ដាហ៍ទៀតនឹងបញ្ចប់រដូវកាលផ្លូវការ។
សប្ដាហ៍ទី៣០ សម្រាប់ការប្រកួតតំបន់ប្រជែងជើងឯក (៦ក្រុមលើគេ) ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ និងបឹងកេត តាមទាន់ពិន្ទុ និងគម្លាតបីពិន្ទុពីភ្នំពេញក្រោនហើយ ក្រោយក្លឹបទាំងពីរឈ្នះរៀងៗខ្លួន។

នៅទឹកដីអាគីហ៊ីរ៉ូកាតុ ម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានយកឈ្នះម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង ៤ទល់នឹង៣ ដោយគ្រាប់ចុងម៉ោងបំផុតរបស់កីឡាករ ហាន ទី។
ជំនួបនេះលេងវគ្គទី១បានប្រមាណជាង៣០នាទី អង្គរថាយហ្គឺរនាំមុខព្រះខ័នរាជ ៣ទល់នឹង០មុន ដោយគ្រាប់បាល់របស់កីឡាករ KURITA MARK ADJEI នាទីទី១៣ និងនាទីទី៣៤ និងមួយគ្រាប់ទៀតដោយកីឡាករ COULIBALY ABDEL KADER នាទីទី១៧។

ប៉ុន្តែក្នុងវគ្គទី២ នាទីទី៧៥ និង៧៩ កីឡាករ PEPRAH KWAME បន្ថែមពីរគ្រាប់តែឱ្យក្រុមកាត់បន្ថយគម្លាតនាំមុខ មុនពេលដែលកីឡាករ DE SOUZA MONTEIRO PATRICK ROBSON រកបានគ្រាប់ស្មើ ៣ទល់នឹង៣ឱ្យព្រះខ័នរាជស្វាយរៀងនៅនាទីទី៨៤។ យ៉ាងណាក៏ដោយជិតតាប់ការប្រកួតទៅហើយកីឡា ហាន ទី ទាត់បាល់បញ្ចូលទីគ្រាប់ជ័យជំនះឱ្យថាយហ្គឺរ ឈ្នះ៤ទល់នឹង៣ លើព្រះខ័នរាជស្វាយរៀង។

នៅពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ បឹងកេត បានប្រើប្រាស់ ៤នាទីនៅសេសសល់មុនចប់ការប្រកួតទាំងមូល យកឈ្នះភ្នំពេញក្រោន ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករ BEVAN MYER STEFAN MAJOR នាទីទី៨៦ និងកីឡាករ DEHMIE CYRUS នាទីទី៩០បូក៤។
លទ្ធផលនេះធ្វើឱ្យអង្គរថាហ្គឺរ មាន៥០ពិន្ទុស្មើគ្នាភ្នំពេញក្រោន តែភ្នំពេញក្រោនបន្តឈរលេខ២ និងអង្គរថាហ្គឺរឈរនៅលេខបីដោយសារ ការប្រវត្តិជួបគ្នា (Head-to-Head) ចំណែកបឹងកេត ឈរនៅលេខ៤មាន៤៧ពិន្ទុ ចាញ់ក្លឹបទាំងពីរបីពិន្ទុប៉ុណ្ណោះ។ ដូច្នោះបឹងកេតនៅតែមានឱកាសប្រជែងកៅអីលេខពីរ ដណ្ដើមកៅអី Play off ក្របខណ្ឌ AFC Champion League Two រដូវកាល ២០២៥-២០២៧។
រីឯការប្រកួតផ្សេងទៀត ណាហ្កាវើលដ៍ចាញ់ក្នុងដីខ្លួនឯង ១ទល់នឹង៣ ពេលជួបអឹមអូអាយកំពង់ដេវ៉ា។ កងយោធពលខេមរភូមិន្ទចាញ់ ឡាយហ្វខេត្តព្រះសីហនុ ០ទល់នឹង៤ និងអាយអេសអាយដង្កោសែនជ័យចាញ់ វិសាខា ១ទល់នឹង២។ លីគកំពូលកម្ពុជា នឹងបញ្ចប់រដូវកាលរបស់ខ្លួនថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ខាងមុននេះ៕

