អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានឆ្លើយតបទៅនឹងផែនការ ១៤ ចំណុចដែលបានស្នើឡើងរបស់ទីក្រុងតេអេរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះនៅតែបន្ត ខណៈទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីការមិនពេញចិត្តចំពោះលក្ខខណ្ឌនានា ហើយភាពតានតឹងនៅតែបន្តរីករាលដាលពាសពេញតំបន់ និងទីផ្សារថាមពលពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB គ្រប់គ្រងដោយរដ្ឋថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្រោមការពិនិត្យ។ លោកបានសង្កត់ធ្ងន់ថា សំណើនេះផ្តោតតែលើការបញ្ចប់អរិភាព ហើយមិនដោះស្រាយបញ្ហានុយក្លេអ៊ែរលម្អិតនោះទេ។
លោក Baghaei បាននិយាយថា បច្ចុប្បន្ន ពួកលោកផ្តោតលើវិសាលភាពដែលទាក់ទងនឹងការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ រួមទាំងប្រទេសលីបង់ផងដែរ ដោយបន្ថែមថា ពួកលោកមិនមានការចរចានុយក្លេអ៊ែរនៅដំណាក់កាលនេះទេ។
សហរដ្ឋអាមេរិកពុំទាន់បានបញ្ជាក់ជាផ្លូវការអំពីការឆ្លើយតបរបស់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានសារព័ត៌មាន Kan News ដកស្រង់សម្តី ដោយនិយាយថា សំណើរបស់អ៊ីរ៉ង់គឺ មិនអាចទទួលយកបានឡើយ។
សារព័ត៌មាន Kan News បានដកស្រង់សម្តីរបស់លោក Trump ដែលបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទខ្លីមួយថា សំណើសន្តិភាព១៤ចំណុចនេះមិនអាចទទួលយកបានទេសម្រាប់រូបលោក។ លោកបានសិក្សារួចហើយ លោកបានសិក្សាអ្វីៗគ្រប់យ៉ាង។ វាមិនអាចទទួលយកបានទេ។
លោកបាននិយាយថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែរូបលោកមិនពេញចិត្តនឹងអ្វីដែលពួកគេបានផ្តល់ជូនទេ ដោយបន្ថែមថា មានរឿងខ្លះ ដែលលោកមិនអាចយល់ព្រមបាន៕

