សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់កំពុងរាលដាលនៅពាសពេញអាមេរិក ដោយជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំមកនេះ ជំរុញអតិផរណា និងទាញទម្លាក់ប្រជាប្រិយភាពរបស់លោកប្រធានាធិបតី Donald Trump ដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ខណៈអ្នកបោះឆ្នោតត្រៀមខ្លួនសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។

ជម្លោះដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ បានបង្កឱ្យមានការកើនឡើងការចំណាយ និងការតវ៉ានៅក្នុងស្រុក។ អតិផរណារបស់អ្នកប្រើប្រាស់ បានកើនឡើង៣,៣ភាគរយកាលពីក្នុងខែមីនា ជាការកើនឡើងប្រចាំខែយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២២ ខណៈតម្លៃប្រេងឥន្ធនៈបានកើនឡើងនៅទូទាំងប្រទេស។

ភាពតានតឹងបច្ចុប្បន្ន ត្រូវបានបង្ហាញនៅក្នុងការស្ទង់មតិ។ ប្រជាប្រិយភាពរបស់លោក Trump បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ ខណៈការនាំចេញនៅតែជាប់គាំងនៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងសកល។ ការស្ទង់មតិបង្ហាញថា ក្រុមអ្នកប្រជាធិបតេយ្យ មានជំហរដើម្បីដណ្តើមយកសភាមកវិញ និងមានឱកាសដ៏រឹងមាំក្នុងការទទួលបានព្រឹទ្ធសភា។
លោក Trump បានឆ្លើយតបដោយទំនុកចិត្ត ដោយលើកឡើងពីកំណើនសេដ្ឋកិច្ច និងទទូចថាសង្គ្រាមនៅអ៊ីរ៉ង់នឹងមិនធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនោះទេ។ ទោះជាយ៉ាងណា គ្រួសារអាមេរិកប្រឈមនឹងការកើនឡើងការចំណាយ ទោះបីជាវិស័យថាមពល និងបច្ចេកវិទ្យាបន្តរីកចម្រើនក៏ដោយ។
ពីរដ្ឋ Indiana ដល់រដ្ឋ Illinois ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចកំពុងរាលដាល ហើយវាអាចបង្ហាញថាជាការសម្រេចចិត្តដ៏សំខាន់ នៅពេលដែលអ្នកបោះឆ្នោត ធ្វើដំណើរទៅបោះឆ្នោតនៅក្នុងខែវិច្ឆិកា។