ឆ្មាំល្បាតឆ្នេររបស់ប្រទេសស៊ុយអែត បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភាថា ខ្លួនបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងនៅសមុទ្របាល់ទិកដែលត្រូវបានគេជឿថាជាផ្នែកនៃក្បួននាវាស្រមោលរបស់រុស្ស៊ី ជាចំណាត់ការចុងក្រោយក្នុងចំណោមចំណាត់ការស្រដៀងៗគ្នាជាបន្តបន្ទាប់ធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយអាជ្ញាធររបស់ប្រទេសស៊ុយអែត។

ឆ្មាំល្បាតឆ្នេរស៊ុយអែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមរបស់ខ្លួន និងនគរបាលបានឡើងទៅលើនាវា Jin Hui ដែលមានបំពាក់ទង់ជាតិស៊ីរីនៅក្នុងដែនទឹករបស់ប្រទេសស៊ុយអែតភាគខាងត្បូង ហើយបានចាប់ផ្តើមការស៊ើបអង្កេតបឋមទៅលើការធ្វើដំណើរឆ្លងកាត់តាមសមុទ្រនេះ។ ឆ្មាំល្បាតឆ្នេរបាននិយាយថា «ក្រុមឆ្មាំសង្ស័យថា នាវានេះកំពុងបើកបរក្រោមរូបភាពទង់ជាតិក្លែងក្លាយ ដោយសារមានភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងស្ថានភាពទង់ជាតិ ហើយមិនបានបំពេញតាមតម្រូវការសម្រាប់ការឆ្លងកាត់តាមសមុទ្រដូចដែលត្រូវបានកំណត់នៅក្នុងបទប្បញ្ញត្តិនិងកិច្ចព្រមព្រៀងអន្តរជាតិ»។ ឆ្មាំល្បាតឆ្នេរបាននិយាយថាគោលដៅរបស់នាវាមិនច្បាស់លាស់និងត្រូវបានគេគិតថាពុំមានដឹកទំនិញដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីទណ្ឌកម្ម រួមទាំងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស។

រដ្ឋមន្ត្រីក្រសួងការពារស៊ីវិលរបស់ប្រទេសស៊ុយអែត លោក Carl-Oskar Bohlin បាននិយាយដាច់ដោយឡែកនៅលើបណ្តាញ X ថា នាវានេះត្រូវបានគេសង្ស័យថាជានាវាស្រមោលរបស់រុស្ស៊ី។ បណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្អាក់ដល់ក្បួននាវាដែលគេហៅថានាវាដឹកប្រេងស្រមោលប្រើប្រាស់ដោយទីក្រុងមូស្គូដើម្បីផ្តល់មូលនិធិដល់សង្គ្រាមរយៈពេលបួនឆ្នាំរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។ ប្រទេសរុស្ស៊ី បានថ្កោលទោសចំណាត់ការបែបនេះថាជាអរិភាព។ រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ប្រទេសស៊ុយអែត បានបញ្ឈប់នាវាចំនួនប្រាំគ្រឿងដោយសង្ស័យពីបទល្មើសផ្សេងៗ រួមទាំងការកំពប់ប្រេង និងការបើកបរក្រោមទង់ជាតិក្លែងក្លាយ និងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងសមាជិកនាវិកមួយចំនួន។