អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymr Zelensky ដែលធ្លាប់បានជំរុញសម្ព័ន្ធណាតូឲ្យចាត់វិធានការកាន់តែខ្លាំងក្លាលើការវាយប្រហាររបស់រុស្ស៊ី បាននិយាយក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា លោកលែងចាប់អារម្មណ៍នឹងការទូតរបស់ពួកគេទៀតហើយ។
លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី ៦០នាទី (“60 Minutes”) របស់ទូរទស្សន៍ CBS ថា នៅពេលអ្នកកំពុងធ្វើការតាមផ្លូវការទូត វាគ្មានលទ្ធផលទេ រឿងទាំងនេះគឺស្មុគស្មាញខ្លាំងណាស់។ លោកប្រធានាធិបតីបានបន្ថែមថា ពិតជាត្រឹមត្រូវណាស់ដែលលោកនិយាយជាមួយពួកគេបែបនេះ។ លោកមិនមានជីវិតដែលត្រូវផ្តល់ឲ្យទៀតទេ លោកមិនមានអារម្មណ៍អ្វីទៀតទេ។ លោកលែងចាប់អារម្មណ៍លើការទូតរបស់ពួកគេ ដែលនាំទៅរកការបំផ្លិចបំផ្លាញប្រទេសរបស់លោកទៀតហើយ។ ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Zelensky បានសំដៅដល់អង្គការណាតូថា ទន់ខ្សោយ និងគ្មានការជឿជាក់ ខណៈដែលធ្លាប់បានជំរុញឲ្យអ៊ុយក្រែនក្លាយជាសមាជិករបស់សម្ព័ន្ធយោធាមួយនេះ៕
អត្ថបទ៖ សុខមាន