ក្រុមហ៊ុនតាមដានការដឹកជញ្ជូនប្រេង បាននិយាយថា នាវាដឹកប្រេងឆៅធំទីពីររបស់ប្រទេសអ៊ីរ៉ង់ បានគេចចេញពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយកំពុងធ្វើដំណើរតាមដែនទឹករបស់ប្រទេសឥណ្ឌូនេស៊ីឆ្ពោះទៅកាន់ប្រជុំកោះរីអៅ(Riau)។

នៅក្នុងការបង្ហោះសារនៅលើបណ្តាញ X គេហទំព័រTankerTrackers.com បាននិយាយថា នាវា DERYA បច្ចុប្បន្នកំពុងឆ្លងកាត់ច្រកសមុទ្រ Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការប៉ុនប៉ងដឹកជញ្ជូនប្រេងឆៅអ៊ីរ៉ង់ចំនួន១,៨៨លានបារ៉ែលទៅកាន់ប្រទេសឥណ្ឌា នៅពាក់កណ្តាលខែមេសា បានបរាជ័យ។
គេហទំព័រ TankerTrackers បាននិយាយបន្ថែមថា «ក្រោយមកយើងបានប្រទះឃើញនាវានេះ បន្តទៅភាគខាងត្បូង ខណៈនាវាច្រើនគ្រឿងនៅក្នុងតំបន់នោះត្រូវបានបញ្ជូនត្រឡប់ទៅអ៊ីរ៉ង់វិញដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ បច្ចុប្បន្ននាវានេះ កំពុងធ្វើដំណើរទៅកាន់ចំណុចណាត់ជួបរបស់វានៅប្រជុំកោះ Riau»។
ការបង្ហោះនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពី គេហទំព័រ TankerTrackers.com បាននិយាយថា នាវាដឹកប្រេងអ៊ីរ៉ង់ HUGE ដែលដឹកប្រេងចំនួន ១,៩លានបារ៉ែល បានគេចចេញពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយស្ថិតនៅក្នុងច្រកសមុទ្រ Lombok ដោយឆ្ពោះទៅកាន់ប្រជុំកោះ Riau។

ក្រុមហ៊ុនតាមដាន បាននិយាយថា នាវាដឹកប្រេងប្រហែល២៥គ្រឿងបានចាកចេញពីប្រទេសអ៊ីរ៉ង់ដោយមានផ្ទុកប្រេងឆៅកាលពីក្នុងខែមេសា។ ក្នុងចំណោមនេះ នាវាចំនួន៧គ្រឿងត្រូវបានបញ្ជូនត្រឡប់ទៅកំពង់ផែអ៊ីរ៉ង់វិញដោយកងទ័ពជើងទឹកអាមេរិក ខណៈពីរគ្រឿងត្រូវបានកងកម្លាំងអាមេរិករឹបអូស ហើយ នាវាដែលនៅសល់បានទៅដល់គោលដៅ ឬទៅដល់ចំណុចណាត់ជួបរបស់វា នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។